មន្ដ្រីចូលនិវត្តន៍ក្រសួងមហាផ្ទៃ ផ្ញើលិខិតជូនទូតអាមេរិកប្រចាំកម្ពុជា ក្រោយពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផ្សាយអំពីការប៉ុនប៉ងបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍន៍កម្ពុជា
ភ្នំពេញ ៖ មន្ដ្រីចូលនិវត្តន៍របស់ក្រសួងមហាផ្ទៃ បានផ្ញើលិខិតចំហរមួយជូន លោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោយពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផ្សាយអំពីការប៉ុនប៉ងបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍន៍ ក៏ដូចជា សុខសន្ដិភាពដែលកម្ពុជាកំពុងមានសព្វថ្ងៃ។
ក្នុងលិខិតរបស់មន្ដ្រីចូលនិវត្តន៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រទេសកម្ពុជាកំពុងខិតខំកសាង ស្តារ និងអភិវឌ្ឍខ្លួន ក្រោយងើបពីគំនរផេះផង់នៃរបបប្រល័យពូជសាសន៍និងសង្គ្រាមស៊ីវិលដែលបានបំផ្លិចបំផ្លាញប្រទេសកម្ពុជាដល់ចំណុចសូន្យ ជាពិសេសក្នុងកាលៈទេសៈដែលប្រជាជនកម្ពុជាកំពុងរស់នៅក្នុងសុខសន្តិភាព មានបុគ្គលអ្នកនយោបាយជ្រុលនិយមមួយចំនួនតូចនៅសហរដ្ឋអាមេរិក ដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ស្រលាញ់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យបាននិងកំពុងញុះញង់មិនចេះចប់មិនចេះហើយឲ្យមានការដាក់ទណ្ឌកម្មឬចាត់វិធានការរឹតបន្ដឹងផ្សេងៗ មកលើប្រទេសកម្ពុជាដែលជាប្រទេសទន់ខ្សោយតូចមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក៏ធ្លាប់ជាជនរង គ្រោះដោយសារ ឥទ្ធិពលរបស់មហាអំណាច ។
ក្នុងលិខិតដដែលរៀបរាប់ថា សច្ចធម៌ប្រវត្តិសាស្ត្រ ជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលបានបន្សល់ទុកនូវស្លាកស្នាម ប្រវត្តិសាស្ត្រដ៏ជូរចត់រហូតមកដល់បច្ចុប្បន្ន ស្តែងឲ្យឃើញថា ក្រោយពីការបញ្ចប់នូវរបបអាណានិគម ប្រជាជនកម្ពុជា មានពេលវេលាតិចតួចបំផុតដែលបានរស់នៅក្នុងសុខសន្តិភាពពេញលេញ ។ ប្រសិនបើពិនិត្យមើល ប្រវត្តិសាស្ត្រដ៏ជូរចត់ ខ្លោចផ្សារបស់កម្ពុជា យើងនឹងឃើញថារដ្ឋដ៏តូចនិងទន់ខ្សោយមួយនេះ បានរងគ្រោះ ឥតឈប់ឈរក្រោយរួច ផុតពីនឹមអាណានិគមនិយមបារាំង ហើយមិនយូរប៉ុន្មានក៏បានបន្តធ្លាក់ទៅក្នុងវិបត្តិ សង្គ្រាមជាបន្តបន្ទាប់ ដោយបានក្លាយជាទីតាំងនៃរណ្តៅគ្រាប់បែករាប់លានគ្រាប់របស់សហរដ្ឋអាមេរិក មុននឹងបន្តធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង ។
ជាងនេះទៅទៀត ប្រជាពលរដ្ឋទូទៅសុទ្ធតែបានដឹងយ៉ាងច្បាស់ថា ខណៈដែលប្រទេសកម្ពុជា កំពុងទទួលរងទុក្ខវេទនាយ៉ាងខ្លោចផ្សា បែរជារបបប្រល័យពូជសាសន៍មួយនេះត្រូវបានទទួលការគាំទ្រយ៉ាងងងើលពីប្រទេសមួយ ចំនួនដែលស្រលាញ់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស រួមទាំងសហរដ្ឋអាមេរិក ឲ្យអង្គុយក្នុងអសនៈនៃអង្គការសហប្រជាជាតិ ធ្វើជាតំណាងឲ្យប្រជាពលរដ្ឋដែលរបបរបស់ខ្លួនកាប់សម្លាប់ទៅវិញ។
មន្ដ្រីចូលនិវត្តន៍ក្រសួងមហាផ្ទៃ បានអះអាងថា កម្ពុជាតែងមានបំណងល្អ និងខិតខំពូនជ្រុំទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយ សហរដ្ឋអាមេរិក រួមទាំងបណ្តាប្រទេសជិតខាងនិងប្រទេសជាមិត្តទាំងឡាយ។ ការវិវត្តន៍ក្នុងរយៈពេលចុងក្រោយនេះ ឃើញថាកម្ពុជានិងសហរដ្ឋអាមេរិក តាមរយៈ ឯកឧត្តម ឯកអគ្គរដ្ឋទូតបាននិងកំពុងខិតខំស្តារ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរឡើង ទោះបីជាជួបប្រទះនូវបញ្ហារអាក់រអួលមួយចំនួន នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
បន្ថែមពីនេះទៀត ក្នុងនាមមន្ត្រីរាជការចូលនិវត្តន៍ និងផ្អែកតាមតថភាពនៃប្រវត្តិសាស្ត្រ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ឯកអគ្គរដ្ឋទូត និងអ្នកនយោបាយគ្រប់រូបនៅសហរដ្ឋអាមេរិក នឹងបន្តចូលរួមចំណែក លើកស្ទួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះឲ្យកាន់តែប្រសើរឡើង ដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរហើយសូមកុំទាញកម្ពុជាឲ្យដើរជាន់ដានប្រវត្តិសាស្រ្តខ្លួនឯងដូចសហរដ្ឋអាមេរិកធ្លាប់បានធ្វើមកលើកម្ពុជានៅក្នុងទសវត្សរ៍៦០ រហូតដល់ទសវត្សរ៍៩០៕EB