ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា រលកហ្វ្រេកង់ស៍វិទ្យុ មិនបង្កផលប៉ះពាល់សុខភាព អ្នករស់នៅជុំវិញឡើយ ដូច្នេះប្រជាពលរដ្ឋមិនត្រូវរារាំង ការសាងសង់ស្ថានីយអង់តែន ព្រោះជាអំពើល្មើសច្បាប់ ។ ការបញ្ជាក់របស់ក្រសួង យោងតាមអង្គការ សុខភាពពិភពលោក (WHO) ។

តាមសេចក្ដីណែនាំរបស់ ក្រសួងប្រៃសណីយ៍ នាពេលថ្មីៗនេះ បានឲ្យដឹងថា «អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់យ៉ាងច្បាស់ថា រលកហ្វ្រេកង់ស៍វិទ្យុ មិនបង្កឲ្យមានផលប៉ះពាល់ ដល់សុខភាពរបស់អ្នករស់នៅជុំវិញទេ ។ ការសាយភាយរលកហ្វ្រេកង់ស៍វិទ្យុពី ស្ថានីយអង់តែន មិនមែនជាការសាយភាយ រលកវិទ្យុសកម្មទេ ។ គ្រប់ប្រទេសលើពិភពលោក ក៏បានសាងសង់ និងប្រើប្រាស់ស្ថានីយអង់តែន ដើម្បីផ្តល់សេវាទូរគមនាគមន៍ ដូចប្រទេសកម្ពុជាដែរ»។

ក្រសួងបន្ដថា ប្រសិនបើមិនមានស្ថានីយអង់តែន ក៏មិនអាចមានសេវាទូរសព្ទចល័តដែរ ហើយបើប៉ះពាល់ ដល់សុខភាព ប្រទេសទាំងអស់ នឹងពុំមានស្ថានីយអង់តែនដែរ ។ ដូច្នេះប្រជាពលរដ្ឋមិនត្រូវរារាំងការសាងសង់ស្ថានីយ អង់តែន លើទីតាំងរបស់កម្មសិទ្ធិករដទៃ ដោយយកហេតុផលសុខភាពនោះទេ ព្រោះការរារាំងនេះជា អំពើល្មើសច្បាប់ ដែលមានក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះ ក្រសួងណែនាំឲ្យប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ មិនត្រូវផ្គត់ផ្គង់សេវាអ៊ីនធឺណិត ដែលមានល្បឿនទាបជាងកញ្ចប់សេវាអ៊ីនធឺណិត ដែលខ្លួនបានផ្សព្វផ្សាយពាណិជ្ជកម្ម និងបានលក់ទៅឲ្យអ្នកប្រើប្រាស់នោះទេ។

ជាងនេះទៅទៀត ក្រសួងក៏បានណែនាំម្ចាស់បុរី និងអគារខ្ពស់ មិនត្រូវចុះកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខ ដល់ប្រតិបត្តិករ ដើម្បីផ្តល់សេវាទូរស័ព្ទ និងសេវាអ៊ីនធឺណិត ក្នុងទីតាំងបុរី ឬអគារខ្ពស់ ផ្ទុយពីគោលការណ៍ប្រកួតប្រជែង ដោយស្មោះត្រង់ ស្មើភាព និងស្របច្បាប់ឡើយ ត្រូវរៀបចំទីតាំងបម្រុង សម្រាប់សាងសង់ស្ថានីយអង់តែនក្នុងបុរី ឬរៀបចំបង្គោលភ្លើង ដែលមានលទ្ធភាពបំពាក់ ឧបករណ៍ផ្ដល់សេវាទូរគមនាគ ន៍។

ក្រសួង ក៏បានឲ្យម្ចាស់បុរី និងអគារខ្ពស់ ត្រូវសហការ ជាមួយប្រតិបត្តិករ ដើម្បីបំពាក់ប្រព័ន្ធផ្តល់សេវាក្នុងអគារ (In-building Solutions) ជាពិសេសនោះ ត្រូវចាត់ទុក សេវាទូរគមនាគមន៍ គឺជាសេវាចាំបាច់ ដូចគ្នានឹងសេវាអគ្គិសនី និងទឹកដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ