ភ្នំពេញ៖ការប្តូរអភិបាលខេត្តមិនបានផ្អែកទៅលើខេត្តធំឬខេត្តតូចនោះទេ  អ្វីដែលសំខាន់គឺស្ថិតនៅលើការដឹកនាំឆ្ពោះទៅរកការអភិវឌ្ឍន៍ ព្រោះអភិបាលខេត្តមានឋានៈ តួនាទី និងការទទួលខុសត្រូវដូចគ្នា។ សម្ដេច ស ខេង មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ថ្មី នារសៀលថ្ងៃទី១៤ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តពោធិ៍សាត់។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា គោលការណ៍ដែលបានចែងនៅក្នុងច្បាប់ ពុំមានបែងចែក ខេត្តធំឬខេត្តតូចនោះទេ បើទោះបីខេត្តប៉ៃលិន ខេត្តកែប ខេត្តកោះកុង ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ឬខេត្តមណ្ឌលគិរីដែលមានតែមួយអាសនៈ ក៏ដោយ ប៉ុន្តែអភិបាលខេត្តនីមួយៗមានឋានៈ តួនាទី សិទ្ធអំណាច និងការទទួលខុសត្រូវដូចគ្នា។ 

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា ដូច្នេះអភិបាលខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៍ និងរីកចម្រើន ក្នុងនោះខេត្តត្រូវផ្តល់សេវាសារធារណៈ ការបំរើប្រជាពលរដ្ឋ ព្រមទាំងការទទួលខុសត្រូវធ្វើគណនីយភាពជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឱ្យបានល្អ ដែលនោះទើបជាចំណុចគន្លឹះស្នូលដ៏សំខាន់ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ