ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់បើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ ក្នុងដំណាក់កាលទី២ ជូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅ ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ខាងមុខតទៅ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា «ក្រោមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមប្រឹក្សាជាតិគាំពារសង្គម សូមជូនដំណឹងដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅ ដែលត្រូវបានកំណត់អត្តសញ្ញាណ ឲ្យបានជ្រាបថា រាជរដ្ឋាភិបាល នឹងចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ក្រោមកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ក្នុងដំណាក់កាលទី២ ជូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅ ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ»។

ប្រភពដដែល បន្ដថា ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស ដែលទទួលបានការសម្ភាស និងការបញ្ជាក់ពីអាជ្ញាធរ ក្នុងដំណាក់កាលទី២ អញ្ជើញទៅបើកសាច់ប្រាក់នៅបញ្ជរវីង ណាមួយ ដែលនៅជិតផ្ទះ ឬប្រើប្រាស់អ៊ែប (App) របស់ធនាគារវីង ក្នុងទូរសព្ទ និងសូមអនុវត្តវិធានការសុខាភិបាល ៣ កុំ ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមរំលឹកថា ការចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភ ក្នុងដំណាក់កាលទី២ ក្រោម «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាក ផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១» សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលត្រូវបានកំណត់អត្តសញ្ញាណ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ