ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសូមការយោគយល់អធ្យាស្រ័យ ប្រសិនបើសម្ដេច មានការឆ្គាំឆ្គង លើសលួស ខ្វះខាតកន្លែងណាមួយ ដោយអចេតនា ក្នុងការដឹកនាំក្រសួងមហាផ្ទៃ រយៈពេល ៣០ឆ្នាំកន្លងមកនេះ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងរយៈពេលជាង ៣០ឆ្នាំ មន្ដ្រីទាំងអស់បានរួមគ្នាកសាងស្ថាប័នក្រសួងមហាផ្ទៃ ឱ្យក្លាយទៅជាស្ថាប័នមួយ ដ៏រឹងមាំ ដែលអាចរ៉ាប់រងអនុវត្តសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា។ ទន្ទឹមនោះ សម្ដេចក្រឡាហោម ក៏បានឯកភាព និងគាំទ្រចំពោការគូសបញ្ជាក់អំពីសមិទ្ធផលធំៗ ដែលក្រសួងមហាផ្ទៃសម្រេចបាន ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ។

សម្តេចក្រឡាហោម បានបញ្ជាក់ថា សមិទ្ធផល និងស្នាដៃក្រសួងមហាផ្ទៃសម្រេចបានកន្លងមកនេះ មិនមែនកើតឡើងដោយរូបសម្ដេចផ្ទាល់ ម្នាក់ឯងនោះឡើយ ជោគជ័យនៃសមិទ្ធផលទាំងនេះ គឺកើតឡើងដោយមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ។ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់ជំនាន់ ដែលបានចូលរួមទទួលខុសត្រូវជាមួយសម្ដេច ក្នុងការដឹកនាំ និងចូលរួមបំពេញតួនាទី របស់ក្រសួងមហាផ្ទៃ ឱ្យសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ជូនជាតិ និងប្រជាជនកម្ពុជា។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ខ្ញុំ ក៏សូមការយោគយល់ អធ្យាស្រ័យពីសំណាក់ ឯកឧត្តម-លោកជំទាវ អស់លោក-លោកស្រី ទាំងអស់ ប្រសិនបើរូបខ្ញុំ មានការឆ្គាំឆ្គង លើសលួស ខ្វះខាតណាមួយ ដោយអចេតនា ក្នុងការដឹកនាំ ឬគ្រប់គ្រងក្រសួងមហាផ្ទៃ ក្នុងពេល ៣០ឆ្នាំកន្លងមកនេះ»។

សម្ដេចក្រឡាហោម ស ខេង បន្ថែមថា ក្រសួងមហាផ្ទៃ គឺជាស្ថាប័នដ៏សំខាន់មួយ ដែលត្រូវរ៉ាប់រងការងារនានាជាច្រើន ទាំងការងារសន្ដិសុខ ការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងអត្ដសញ្ញាណកម្ម និងការចុះបញ្ជីប្រជាពលរដ្ឋ និងការគ្រប់គ្រងជនបរទេស ការងារពន្ធនាគារ ការចុះបញ្ជីគណបក្សនយោបាយ សមាគម អង្កការមិនមែនរដ្ឋាភិបាល ដែលការងារទាំងនេះ មានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងបរិយាកាស ការអភិវឌ្ឍសង្គមទាំងមូលផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ