ភ្នំពេញ ៖ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា, មូលនិធិគន្ធបុប្ផាកម្ពុជា បានរៀបចំយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារកម្ពុជា រយៈពេល ៣០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃនេះតទៅហើយ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ មូលនិធិគន្ធបុប្ផាកម្ពុជា នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «សូមអំពាវនាវគ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ និងចូលរួមបរិច្ចាគឱ្យបានផុសផុល ដើម្បីជួយសង្រ្គោះកុមារ។ថវិកាបរិច្ចាគរបស់លោកអ្នកពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា»។

សូមជម្រាបជូនថា យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារកម្ពុជា គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែល ត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរការបរិច្ចាគ ទោះតិចក្តី ច្រើនក្តី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា ហើយយុទ្ធនាការនេះ ត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិកាបរិច្ចាគជាង ៣០ម៉ឺនដុល្លារអាមេរិក។

មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមាន ការរើសអើង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ