ភ្នំពេញ ៖ រយៈពេល ៦ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិ បានចំនួន ៨ ៣៩៣.១៧ ប៊ីលានរៀល (ប្រមាណជា ២ ០៧២.៣៩ លានដុល្លារ) ស្មើនឹង ៥៨.០២% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ បានបញ្ជាក់ថា តាមរយៈស្ថានភាពនៃចំណូលពន្ធ សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៤៦៥.៣៩ ប៊ីលានរៀល (ប្រមាណជា ៣ ៥៧១.៧០លានដុល្លារ)

លោកបន្ថែមថា កំណែទម្រង់ និងទំនើបកម្មពន្ធដារចាប់តាំងពីឆ្នាំ២០១២ រហូតមក បានធ្វើឱ្យប្រព័ន្ធពន្ធដារមានភាពរឹងមាំ ហើយថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់លំដាប់ថ្នាក់ ខិតខំប្រឹងប្រែងស្រុះដៃគ្នា អនុវត្តការងារប្រកបដោយស្មារតី បុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ និងបន្តចូលរួមអនុវត្តការងារ កំណែទម្រង់និងទំនើបកម្មរដ្ឋបាលសារពើពន្ធ។

លោកបន្តថា សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា (GDP) ត្រូវបានគេរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥.៦% ហើយ ការប្រមូលចំណូលពន្ធដារ ត្រូវបានព្យាករថានឹងសម្រេចបានក្នុងរង្វង់ ១០៥%៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ