ភ្នំពេញ ៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ សមាគមភស្តុភារកម្មកម្ពុជា (Cambodia Logistics Association-CLA) បានដឹកនាំប្រតិភូចូលរួមក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំលើកទី៣២ របស់សហព័ន្ធសមាគមភ្នាក់ងារបញ្ជូនទំនិញអាស៊ាន (32th Annual General Meeting of the ASEAN Federation of Forwarders Associations-AFFA) ដែលបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CLA បានឱ្យដឹងថា ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃទី១ នៃមហាសន្និបាត ថ្នាក់ដឹកនាំសមាគម CLA បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា សម្រេច លើកិច្ចការងារផ្សេងៗ ពិសេសពាក់ព័ន្ធនឹង ការងារផ្នែកបណ្តុះបណ្តាល វិជ្ជាជីវៈឡូជីស្ទិកនិងដឹកជញ្ជូនទំនិញ ស្របពេលដែលប្រតិភូដែលជាសមាជិកសមាគមCLA បានចូលរួមក្នុង កិច្ចជំនួបដៃគូអាជីវកម្ម (Business Matching) ជាមួយបណ្ដាលក្រុមហ៊ុនឡូជីស្ទិក និងដឹកជញ្ជូនជាច្រើន មកពីបណ្តាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន ចិន កូរ៉េ និងជប៉ុន។

ជាលទ្ធផលក្នុងថ្ងៃទី១ នៃមហាសន្និបាតនោះ សហព័ន្ធAFFA បានសម្រេចអនុម័តលើរបាយការណ៍លទ្ធផលសកម្មភាពការងារ របាយការណ៍ ហិរញ្ញវត្ថុ បន្ថែមកម្រិតបណ្តុះបណ្តាលរហូតដល់កម្រិតបរិញ្ញាបត្រជាន់ខ្ពស់នៃវិទ្យាស្ថានឡូជីស្ទិកសហព័ន្ធ (AFFA Logistics Institute -ALI) និងទិសដៅបន្តសម្រាប់ឆ្នាំ២០២១-២០២២-២០២៣។

ចំណែក សមាជិកទាំងអស់សមាគមCLA និងសមាជិកដែលបានចូលរួមក្នុងកម្មវិធី Business Matching ក៏ទទួបាន នូវជំនួបដៃគូអាជីវកម្មប្រកបដោយផ្លែផ្កាជាមួយ បណ្តាក្រុមហ៊ុនដៃគូជាច្រើនដើម្បីចាប់យកឱកាសពង្រីក ឱកាសអាជីវកម្មជាមួយគ្នាទៅវិញទៅមក។

នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃទី២ នៃមហាសន្និបាត សហព័ន្ធAFFA បានរៀបចំកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនប្រទេសឡាវ ដោយមាន ការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីបណ្តា មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលប្រទេសឡាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាង ពីបណ្តាប្រទេសអាស៊ាន រួមទាំង លោកស្រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេស ឡាវ ផងដែរ។

ជាលទ្ធផលនៃមហាសន្និបាតពេញអង្គ តំណាងអគ្គលេខាធិការអាស៊ាន បានថ្លែងក្នុង កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ អំពីសារៈសំខាន់និងភាពជាដៃគូមិនអាចខ្វះបាន នៃការចូលរួមរបស់សហព័ន្ធ AFF ដែលជាតួអង្គសំខាន់ពីវិស័យឯកជននៃសហគមន៍ ASEAN ក្នុងកិច្ចការងារលើកកម្ពស់សកម្មភាព សេដ្ឋកិច្ច និងធនធានមនុស្សក្នុងវិស័យឡូជីស្ទីក ព្រមទាំងបានផ្ដល់អនុសាសន៍ល្អៗដល់សហព័ន្ធAFFA ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើកិច្ចការងារ ដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងផ្នែក ឡូជីស្ទីក ពិសេស លើកិច្ចការ FTA, Policy Framework, HR etc។ កិច្ចប្រជុំក៏បានធ្វើផ្លាស់ប្តូរព័ត៌មាន និងពិភាក្សា ពាក់ព័ន្ធនឹងការវិវឌ្ឍន៍ថ្មីៗនៃវិស័យឡូជីស្ទីកពីបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ព្រទាំងបានសម្រេច ចេញជាគោលការណ៍ យន្តការការងារ និងផែនការសកម្មភាពការងារបន្តដោយជោគជ័យ។

អង្គមហា សន្និបាតពេញអង្គក៏បានរៀបចំកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធAFFA សម្រាប់អាណត្តិថ្មីជំនួស ប្រធានសហព័ន្ធអាណត្តិចាស់ដែលត្រូវបញ្ចប់អាណត្តិ រួមទាំងគណៈប្រតិបត្តិតាមផ្នែកនីមួយៗនៃសហព័ន្ធ ផងដែរ ដោយក្នុងនោះប្រទេសកម្ពុជាត្រូវជាប់ឆ្នោតជាប្រធានគណៈប្រតិបត្តិផ្នែកហិរញ្ញវត្ថុនៃសហព័ន្ធAFFA សម្រាប់អាណត្តិថ្មីនេះ ជាទីបញ្ចប់អង្គមហាសន្និបាតពេញអង្គបានសម្រេចថានឹងប្រារព្ធ មហាសន្និបាត ប្រចាំលើកទី៣៣ របស់សហព័ន្ធសមាគមគា្នក់ងារបញ្ជូនទំនិញអាស៊ាន នៅប្រទេសកម្ពុជានាឆ្នាំ២០២៣ ខាងមុខផងដែរ។

សម្រាប់ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២២ ដែលជាថ្ងៃទី៣ ប្រតិភូសមាគមCLA និងប្រតិភូAFFA ទាំងអស់បានចូលរួម ធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់បន្ថែម អំពីបច្ចុប្បន្នភាពនៃដំណើរការស្ថានីយ៍រថភ្លើងល្បឿន លឿនរវាងប្រទេសចិន-ឡាវ និងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធដឹកជញ្ជូនទំនិញ ស្តុកទំនិញ បែបបទបញ្ចេញ ទំនិញពីគយ ព្រមទាំងសេវាកម្មពាក់ព័ន្ធចាំបាច់ផ្សេងទៀត ដើម្បីផ្ដល់ឱកាសដល់បណ្ដាប្រទេសក្នុងតំបន់ អាស៊ានទាំងអស់ បានសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលនៃកាសតភ្ជាប់ការដឹកជញ្ជូនទំនិញរបស់ខ្លួន ជាមួយប្រទេសផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ