សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ពលរដ្ឋនឹងយោគយល់ ក្រោយសម្ដេចចេញវាយកូនគោល បន្ទាប់ខកខានជាច្រើនខែ ដោយសារជាប់ដៃប្រយុទ្ធជំងឺកូវីដ-១៩
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរនឹងមានការយោគយល់ ក្រោយសម្ដេចចេញវាយកូនគោល បន្ទាប់ពីខកខានជាច្រើនខែ ដោយសារជាប់ដៃប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចសង្ឃឹមថា ពលរដ្ឋយោគយល់នេះ ដោយសារថ្ងៃនេះ ជាថ្ងៃធ្វើការ តែសម្តេចបានចេញវាយកូនគោល ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ចូលវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានជាច្រើនខែ ដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ-១៩។ ថ្ងៃនេះជាថ្ងៃធ្វើការ តែខ្ញុំបែរជាមកវាយកូនគោលទៅវិញ។ សង្ឃឹមថា បងប្អូននឹងមានការយោគយល់ព្រោះ ខ្ញុំធ្វើការពុំមានថ្ងៃសម្រាកនោះឡើយ»។
សម្ដេចតេជោ បានបន្ដថា ព្រឹកនេះពុំមានភ្លៀងធ្លាក់ ស្របពេលដែលឯកសារ ត្រូវបានពិនិត្យ និងចុះហត្ថលេខារួចរាល់ ក៏ចេញមកវាយតែម្តង ព្រោះកន្លែងវាយនៅជិតផ្ទះស្រាប់។ សម្ដេច ក៏ជូនពរជនរួមជាតិរួចចាកផុតពីជំងឺឆ្លងកូវីដ-១៩ តាមរយៈអនុវត្តវិធានការ ៣កុំ ៣ការពារ និងការចាក់វ៉ាក់សាំង៕