ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការខុសប្រក្រតីកើតមានឡើងគួរឲ្យកត់សម្គាល់នោះទេ។ 

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងអប់រំ បានបញ្ជាក់ថា «នាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ»។ 

ក្រសួង បន្ដថា បេក្ខជនដែលបានចេញពីមណ្ឌលប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។

សូមរំលឹកថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២១នេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ធ្នូ មានមណ្ឌលប្រឡង ចំនួន២០៤មណ្ឌល ត្រូវជា ៤៦១៦បន្ទប់ បេក្ខជនចុះឈ្មោះប្រឡង ចំនួន១១៤១៨៣ ក្នុងនោះ ស្រី ចំនួន៦០៣៩៧នាក់ ដោយឡែក គណៈមេប្រយោគ និងគណៈកម្មការនានាចូលរួមក្នុងដំណើរការប្រឡង ចំនួន៣១៤៣២នាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ