ភ្នំពេញ ៖ ជនភៀសខ្លួនអាហ្វហ្កានីស្ថាន ចំនួន១៥នាក់ ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ីរបស់អាមេរិក និងក្រុមគ្រួសារ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈមួយចំនួនទៀតនឹងមកជាបន្តបន្ទាប់ ខណៈដែលរាជរដ្ឋាភិបាលកំពុងត្រៀមអគារសម្រាប់ ការស្នាក់នៅជាបណ្តោះអាសន្នរបស់ពួកគេ មុននឹងទៅកាន់ប្រទេសទី៣។ នេះបើតាមការបញ្ជាក់របស់មន្រ្តជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងជាក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន។

ការមកដល់របស់ជនជាតិអាហ្វហ្កានីស្ថាននេះ ធ្វើឡើង ក្រោម គោលការណ៍ មនុស្សធម៌ ដោយយោងទៅតាមការ សម្រេច របស់ រដ្ឋាភិបាល កម្ពុជា កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីប្រទេសអាហ្វហ្គានីស្ថាន ស្ថិតក្នុងសភាពវឹកវរ ក្រោយការចូលកាន់កាប់របស់ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យទី១៥ សីហា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា ដែលមានលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ជាអនុប្រធានអចិន្ត្រៃយ៍៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ