ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៣ តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែ ធ្នូ ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា  កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនេះ  នឹងបន្តសន្ទុះកិច្ចពិភាក្សាពីកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេស    អាស៊ាន-សហភាពអឺរ៉ុប ដែលបានប្រព្រឹត្តទៅពីថ្ងៃទី១០កញ្ញាកន្លងទៅនេះ។ រដ្ឋមន្រី្តអាស៊ាន និងសហភាពអឹរ៉ុប នឹងពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបតិ្តការកន្លងមក និងបច្ចុប្បន្ន ហើយកំណត់ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។

ប្រភពដដែល បញ្ជាក់ថា កិច្ចប្រជុំនឹងផ្លាស់ប្តូរយោបល់ផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ ដែលជាកង្វល់ និងផលប្រយោជន៍រួម។ កិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣  រំពឹងថានឹងនាំមកនូវកិច្ចសហប្រតិបតិ្តការកាន់តែរឹងមាំរវាងតំបន់ទាំងពីរ ពិសេសក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាច្រើនមិនធ្លាប់មានពីមុន ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងការប្តេជ្ញាបន្តពង្រឹងសន្តិភាព     ស្ថិរភាព សន្តិសុខ ក៏ដូចជាភាពរឹងមាំដើម្បីទប់ទល់នឹងផលវិបាកពីវិបតិ្តនាពេលអនាគត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ