ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យមន្រ្តីដែលធ្វើការនៅទីស្ដីការក្រសួងមហាផ្ទៃទាំងអស់ ត្រូវទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដើម្បីធានាសុវត្ថិភាព និងកុំឱ្យមានការឆ្លងចូលសហគមន៍កាន់តែធ្ងន់ធ្ងរ។

តាមរយៈសារសំឡេងរបស់ សម្ដេច ស ខេង មានប្រសាសន៍ថា មិនថាតែអ្នកពាក់ព័ន្ធ ឬក៏មិនពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកានោះទេ គឺត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ទាំងអស់គ្នា ខណៈការធ្វើតេស្តលើកទី២ នៅព្រឹកថ្ងៃទី៧ធ្នូនេះ។

សម្ដេច បានបន្តថា មន្រ្តីអ្នកពាក់ព័ន្ធផ្សេងទៀត ដែលមិនបានធ្វើតេសត្តលើកទី១ គឺត្រូវមកធ្វើតេស្តលើកទី១ នៅថ្ងៃទី៩ ធ្នូខាងមុខនេះ ដើម្បីចូលរួមការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្ដេច ក៏ បានចេញបញ្ជាឱ្យថ្នាក់ដឹកនាំ និងមន្ត្រីដែលមានបណ្ណចេញ-ចូលក្រសួងមហាផ្ទៃទាំងអស់ ត្រូវធ្វើការវាស់កម្ដៅ និងបាញ់សម្អាតខ្លួនប្រាណ និងបាញ់សម្អាតដៃដោយទឹកអាល់កុល នៅច្រកចូលនៃអគារទីស្ដីការក្រសួងមហាផ្ទៃ និងអង្គភាព នានាចំណុះក្រសួងមហាផ្ទៃ ។ 

សម្ដេច បានបញ្ជាក់ថា ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីដែលមានកម្ដៅលើសពី៣៧អង្សារ មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងអគារទីស្ដីការ ក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃនោះឡើយ ហើយ សាមីខ្លួនត្រូវរួសរាន់ទៅពិគ្រោះយោបល់នៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ឬទាក់ទងទៅភ្នាក់ងារ សុខាភិបាល តាមរយៈទូរសព្ទលេខ១១៥៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ