ក្រុមអ្នកអភិរក្សអង្គការជីវិតសត្វស្លាបអន្តរជាតិ រកឃើញសម្បុកសត្វកុកពាក់អំបោះចំនួន៤សម្បុក នៅដែនជម្រកសត្វព្រៃលំផាត់
ភ្នំពេញ៖ ក្រុមអ្នកអភិរក្សអង្គការជីវិតសត្វស្លាបអន្តរជាតិបានរកឃើញសម្បុកសត្វកុកពាក់អំបោះ ចំនួន៤ សម្បុក នៅដែន ជម្រកសត្វព្រៃលំផាត់ ដែលនេះជាសញ្ញាដ៏ល្អទាមទារឱ្យបង្កើនកិច្ចអភិរក្សប្រភេទសត្វកម្រនេះឱ្យបានខ្លំាងក្លាបន្ថែមទៀត ដើម្បីឱ្យពួកវានៅតែមានវត្តមានក្នុងប្រទេសកម្ពុជា។
លោក ប៊ូ វរសក្ស នាយកកម្មវិធី អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជាបានឱ្យដឹងថា ការរកឃើញសម្បុកពងកូនសត្វកុក ពាក់អំបោះនេះ ជាភស្តុតាងយ៉ាងច្បាស់ថា ដែនជម្រកសត្វព្រៃលំផាត់ មិនត្រឹមតែ សម្រាប់សត្វត្រយ៉ងយក្សដែលតំណាង ឱ្យបក្សីជាតិប៉ុណ្ណោះទេ តែវាក៏មានសក្តានុពលសម្រាប់សត្វស្លាបជាច្រើនប្រភេទទៀតផង ។
លោកបានបន្តថា ក្នុងរដូវកាល ពងកូនឆ្នាំនេះ ក្រុមអ្នកអភិរក្សបានរកឃើញសម្បុកសត្វកុកពាក់អំបោះ ចំនួន៤សម្បុក បើប្រៀបធ្រៀបទៅនឹងឆ្នាំ២០១៩ កន្លងទៅ។ សម្បុកសត្វកុកពាក់អំបោះនេះ មានការថយចុះ ដោយសារកត្តាបាត់បង់ទីជម្រក ដូចជាការទន្រ្ទានយកដី ការបំពុល និងការរំខានដោយសកម្មភាពមនុស្សជាដើម។
លោកបានបន្ថែមថា ការងារការពារនិងអភិរក្សធនធានធម្មជាតិនេះវាមិនមែនជាបន្ទុករបស់ក្រសួងបរិស្ថានតែម្នាក់នោះទេ គឺវាទាមទារឱ្យមានការចូលរួមសហការ រវាងអ្នកពាក់ព័ន្ធទំាងអស់ ទើបការអនុវត្តការងារនេះ មានភាពរលូន និង មាន ប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា សត្វកុកពាក់អំបោះ ជាប្រភេទបក្សីកំពុងរងគ្រោះជិតផុតពូជ មានសប្បុរខ្មៅ ហើយ.ក.ពណ៌ស ដែលចូលចិត្តរស់នៅក្នុងព្រៃជ្រៅស្ងាត់នៃខេត្តមណ្ឌលគិរី និងរតនគិរី ដែលមិនមានការរំខានពីសកម្មភាពមនុស្ស។ ក្រុមអ្នកអភិរក្សមិនទាន់ដឹងពីចំនួនសត្វនេះនៅឡើយទេ ដោយគ្រោងចុះស្រង់ស្ថិតិនៅពេលឆាប់ៗនេះ ដើម្បីដឹងពីវត្តមាន នៃការរស់នៅរបស់វា ងាយស្រួលការពារកុំឱ្យផុតពូជពីកម្ពុជា៕EB