សម្ដេច ស ខេង ៖ រាជរដ្ឋាភិបាល យកចិត្តទុកបំផុតចំពោះគោលនយោបាយអាទិភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ សម្រាប់បំពេញសេចក្ដីត្រូវការប្រជាពលរដ្ឋ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាកយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបង បានថ្លែងថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់បំផុត ចំពោះគោលនយោបាយអាទិភាពចំនួន៤ គឺមនុស្ស ផ្លូវ ទឹក និងភ្លើងអគ្គិសនី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សម្រាប់បំពេញសេចក្ដីត្រូវការប្រជាពលរដ្ឋ។
ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារអន្តេវាសិកដ្ឋាន ទីចាត់ការ និងសមិទ្ធផលនានា នៃវិទ្យាល័យសម្ដេចក្រឡាហោម ស ខេង តាគ្រាម ស្ថិតនៅឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ជូនអង្គពិធីអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការកសាងសាលារៀនឱ្យបានទៅដល់មូលដ្ឋានប្រជាពលរដ្ឋ ព្រមទាំងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗបម្រើផលប្រយោជន៍សាធារណៈ។
លើសពីនេះ សម្ដេចក្រឡាហោម ក៏បានបញ្ជាក់ជូនអង្គពិធីអំពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះគោលនយោបាយអាទិភាព៤ គឺមនុស្ស ផ្លូវ ទឹក និងភ្លើងអគ្គិសនី ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បំពេញសេចក្ដីត្រូវការប្រជាពលរដ្ឋ ព្រមទាំងឈានទៅប្រកួតប្រជែងសមត្ថភាពធនធានមនុស្សទាំងក្នុងតំបន់ និងអន្តរជាតិ។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំពីវឌ្ឍនភាព នៃការអនុវត្តសាកល្បងការផ្ទេរការគ្រប់គ្រងសាលាបឋម និងមត្តេយ្យសិក្សាមកឱ្យរដ្ឋបាលក្រុងស្រុកជាអ្នកគ្រប់គ្រងផងដែរ។ ជាងនេះទៅទៀត សម្ដេច បានថ្លែងអំណរគុណ លោក-លោកស្រី ជាថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋាន និងសប្បុរសជនដែលរួមកម្លាំងសាមគ្គីគ្នាជាមួយប្រជាពលរដ្ឋ បរិច្ចាគធនធាន គាំទ្រដំណើរការកសាងសមិទ្ធផលនានាក្នុងមូលដ្ឋាននេះ៕EB