ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្រោយការបែងចែកចំណូលពីការលក់ប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល ដែលកប៉ាល់ MT Strovolos លួចយកទៅកាលពីជាងមួយឆ្នាំមុន ពេលនេះកម្ពុជាទទួលបានថវិកាជាង ១៤លានដុល្លារ ហើយរាជរដ្ឋាភិបាល នឹងប្រើប្រាស់ថវិកានេះ ធ្វើជាដើមទុនសម្រាប់បន្តដំណើរការផលិតប្រេង ដែលនៅសល់ជាង១០ម៉ឺនបារ៉ែលក្នុងប្លុក A និងខួងអណ្តូងបន្ថែមទៀត ។ 

លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តាមរយៈ Facebook បានគូសបញ្ជាក់ថា ការលក់ប្រេងឆៅរបស់កម្ពុជា បានបញ្ចប់ដោយជោគជ័យ កាលពីខែកញ្ញា ២០២២កន្លងនេះ ដោយប្រេងឆៅរបស់កម្ពុជា ដែលបូមចេញពីប្លុក A ក្នុងដែនសមុទ្រកម្ពុជា មានចំនួនជាង២៨ម៉ឺនបារ៉ែល លក់បានក្នុងតម្លៃសរុបជាង ២៥លានដុល្លារអាមេរិក ក្នុងតម្លៃ៨៩.៨៦៧ដុល្លារធុងបារ៉ែល ដោយគិតតាមមធ្យមភាគថ្លៃប្រចាំខែកញ្ញា។ ក្រោយការកាត់កងការចំណាយផ្សេងៗ និងបែងចែកជាមួយភាគីពាក់ព័ន្ធ កម្ពុជាទទួលបានថវិកាជាង១៤លានដុល្លារ ក្នុងចំណែក៧០% ពីការលក់ប្រេងជិត៣០ម៉ឺនបារ៉ែលនេះ។

លោកបន្តថា ចំណូលទាំងនេះកម្ពុជាត្រូវចំណាយលើថ្លៃឈ្នួលទីផ្សារ និងការបញ្ចុះថ្លៃតាមគុណភាពប្រេងអស់ចំនួនជាង៣លាន២សែនដុល្លារ និងចំណាយលើការដឹកជញ្ជូន ការបង់ថ្លៃធានារ៉ាប់រង ថ្លៃសេវាផ្ទេរ និងសេវាជំនាញការអន្តរជាតិផ្សេងៗជាង ១លាន៧សែនដុល្លារ។ 

លោកមានប្រសាសន៍ថា «បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy និងការចាកចេញរបស់កប៉ាល់ផ្ទុកប្រេងពីកម្ពុជា កាលពីឆ្នាំមុននេះ ដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានមតិភាគច្រើនចាត់ទុកថា ជាបរាជ័យរបស់កម្ពុជា នៅក្នុងដំណើរផលិតកម្មប្រេងរបស់ខ្លួន ហើយបានបាត់បង់ធនធានទាំងនេះទាំងស្រុង។ ប្រេងឆៅរបស់កម្ពុជាដែលផលិតបានទាំងអស់ មិនមានការបាត់បង់ទេ។ តាមរយៈការតស៊ូតាមផ្លូវច្បាប់ជាតិ និងអន្តរជាតិ និងការចរចារពាណិជ្ជកម្មដ៏ស្វិតស្វាញ បានរក្សារការពារបាននូវកម្មសិទ្ធិ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជា បានយ៉ាងពេញលេញ ក្នុងនាមជាម្ចាស់ធនធាននេះ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ