ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានថ្លែងថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញបេសកកម្ម ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ និងរៀបចំវេទិកាសាធារណៈ សំដៅស្វែងយល់នូវបញ្ហាប្រឈមនានា ក្នុងមូលដ្ឋាន។

នាឱកាសអញ្ជើញបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងាររបស់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ក្នុងអាណត្តិរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងទិសដៅបន្ត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញបេសកកម្មចុះមូលដ្ឋានដល់ភូមិ ឃុំ សង្កាត់ ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ និងរៀបចំវេទិកាសាធារណៈ ទៅតាមមូលដ្ឋានានា សំដៅធ្វើការស្វែងយល់ជាក់ស្ដែងនូវបញ្ហាប្រឈមនានារបស់មូលដ្ឋាន និងក្ដីកង្វល់ សំណើ សំណូមពរ របស់ប្រជាពលរដ្ឋ ដើម្បីសម្របសម្រួលជំរុញដល់ក្រសួង-ស្ថាប័ន មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ការចូលរួមជំរុញការអភិវឌ្ឍន៍មូលដ្ឋាន ដូចជាការចូលរួមជំរុញល្បឿននៃកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ»។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការ នៃរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការប្ដេជ្ញាចិត្តគាំទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពក្រុមការងារចុះមូលដ្ឋានានា នៅទូទាំងប្រទេសដែលបានរួមគ្នាថែរក្សា ពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍសង្គមលើគ្រប់វិស័យ សំដៅឈានឆ្ពោះទៅសម្រេចបានជោគជ័យ នៅកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។

សម្ដេចក្រឡាហោម បន្ថែមថា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលសម្រេចបានខាងលើនេះ ក៏បានកត់សម្គាល់ឃើញពីបញ្ហាប្រឈមមួយចំនួន ទាំងបញ្ហាប្រឈមក្នុងរបៀបរបបបំពេញការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងបញ្ហាប្រឈម នៃក្ដីកង្វល់ សំណើ សំណូមពរមួយចំនួនទៀត ដែលប្រជាពលរដ្ឋបានលើកឡើង ហើយមិនទាន់បានដោះស្រាយ និងឆ្លើយតបឱ្យសមស្របនៅឡើយ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា តាមរយៈកិច្ចប្រជុំនាពេលនេះ យើងនឹងបូកសរុប និងវាយតម្លៃអំពីសមិទ្ធផលដែលសម្រេចបាន ព្រមទាំងបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីពង្រឹងនូវការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីបន្ដចុះបំពេញការងារនៅមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ និងបញ្ហាប្រឈមដែលនឹងលិចឡើងថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ