ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថាកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅព្រឹកថ្ងៃទី១៧ ខែតុលានេះ បានបន្តស្រកចុះ។ ក្នុងនោះធៀបនឹងកម្ពស់ទឹកស្ទឹងអតិបរមាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ទឹកស្ទឹងព្រែកត្នោត បានស្រកចុះដូចខាងក្រោម៖
- នៅសំណង់ទ្វារទឹក ៧មករា ស្រកចុះ ០,៧០ម៉ែត្រ
- នៅតំបន់ចាប់ពីផ្លូវជាតិលេខ៣ ដល់ស្ពានសាក់សំពៅ ស្រកចុះ ០,៨០ម៉ែត្រ
- នៅតំបន់ចាប់ពីវត្តសាក់សំពៅ ដល់ស្ពានស្ទឹងព្រែកជ្រៃ ស្រកចុះពី ០,៩០-១,១០ម៉ែត្រ ។
ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថាគិតត្រឹមពីពេលព្រឹកវេលាម៉ោង ៧:០០ ដល់វេលាថ្ងៃត្រង់ម៉ោង ១២:០០ នេះ គឺកម្ពស់ទឹកស្ទឹងព្រែកត្នោត បានស្រកចុះបន្ថែម ០,១៤ម៉ែត្រ ដោយសារបរិមាណលំហូរទឹកមកពីប្រភពខាងលើ (រលាំងជ្រៃ) បានថមថយចុះ និងមិនមានភ្លៀងធ្លាក់ខ្លាំង ក្នុងរយ:ពេលប៉ុន្មានថ្ងៃនេះ។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់បន្ថែមថា កម្ពស់ទឹកនៅសំណង់ទ្វារទឹក ៧មករា នាពេលនេះ គឺកម្រិតកម្ពស់ទ្វារទឹកខាងមុខ ៥,៩៦ ម៉ែត្រ ហូរលើទំនប់បង្ហៀរកម្ពស់ ១,១៦ ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៨,៨២ ម៉ែត្រ៕EB