វៀតណាម រុះរើតង់ហើយ ដោយងាកមកសង់សំណងរឹងវិញ នៅជាប់ព្រំដែនខេត្តកណ្ដាល ខណៈវៀតណាមអះអាងថា ធ្វើតាមបញ្ជាថ្នាក់លើ
ភ្នំពេញ ៖ វៀតណាម បានរុះរើតង់ហើយ ដោយងាកមកសង់សំណងរឹងវិញ នៅតំបន់«ស» ជាប់ព្រំដែនខេត្តកណ្ដាល ប្រទេសកម្ពុជា។ នេះបើតាមលិខិតរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលបានផ្ញើលិខិតទៅកាន់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី២៦ សីហា។
លោក ឈឿន សុចិត្ត ដែលបានដឹកនាំកម្លាំងជាង១០នាក់ ចុះទៅពិនិត្យទីតាំងចាស់របស់យោធាការពារព្រំដែនវៀតណាម ប៉ុស្តិ៍៩២៥វិញសឿង នោះ បានរកឃើញថា វៀតណាមបានរុះរើតង់ហើយ ប៉ុន្តែងាកទៅសង់ជម្រករឹងមាំថ្មីវិញ។ របាយការណ៍ដែល ស្នងការខេត្តរូបនេះ បានប្រាប់ទៅអភិបាលខេត្តកណ្ដាល បានរៀបរាប់ថា សំណង់រឹងថ្មី ដែលវៀតណាមកំពុងសាងសង់នេះ គឺធ្វើអំពីឈើ សសរថ្ម មានកម្ពស់៣ម៉ែត្រ ទំហំ២០ម៉ែត្រការ៉េ ដោយដំបូលប្រក់ស័ង្កសី ដែលមានចម្ងាយឃ្លាតពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ប្រមាណ១២០ម៉ែត្រប៉ុណ្ណោះ។ ទីតាំងដែលវៀតណាមសាងសង់ជម្រករឹងនេះ ស្ថិតនៅក្នុងភូមិភូរី ឃុំភូឡុក ស្រុកទិនចូវ ខេត្តអានយ៉ាង ទល់នឹងភូមិអមសណក្រោម ឃុំក្អមសំណស្រុកលើកដែក ខេត្តកណ្ដាល។
លិខិតស្នងការខេត្តកណ្ដាល លោក ឈឿន សុចិត្ត បានបញ្ជាក់ដូច្នេះថា៖«កម្លាំងទាំង៣អង្គភាព(កម្ពុជា)ខាងលើ បានទៅជួបជាមួយប្រធានប៉ុស្តិ៍៩២៥វិញសឿង ដើម្បីទាមទារឱ្យភាគីវៀតណាមបញ្ឈប់សកម្មភាពសាងសង់តង់ថ្មីខាងលើនេះ ប៉ុន្តែភាគីវៀតណាមបានបញ្ជាក់ថា គេធ្វើតាមបញ្ជាថ្នាក់លើរបស់គេ ហើយថ្នាក់លើរបស់គេមានគម្រោងសាងសង់តង់ថ្មី(ជម្រករឹង)ប្រមាណ៤គោលដៅ លើ១០គោលដៅចាស់ ដែលមានស្រាប់»៕EB