ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើរបាយការណ៍អំពី ស្ថានភាពនៃយានដ្ឋាន គ្មានច្បាប់អនុញ្ញាត និងយានដ្ឋានមានច្បាប់អនុញ្ញាត និងយានដ្ឋានមានច្បាប់ អនុញ្ញាតតែកែច្នៃយានយន្ត ខុសលក្ខណៈបច្ចេកទេស ជូនក្រសួងមហាផ្ទៃ និងជូនអាជ្ញាធរដែនដី ដើម្បីចាត់ការតាមច្បាប់ ។

ក្នុងប្រជុំប្រចាំសប្ដាហ៍ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងនឹងធ្វើរបាយការណ៍អំពី ស្ថានភាព នៃយានដ្ឋានគ្មានច្បាប់អនុញ្ញាត និងយានដ្ឋានមានច្បាប់អនុញ្ញាត និងយានដ្ឋានមានច្បាប់អនុញ្ញាតតែកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ជូនក្រសួងមហាផ្ទៃ និងជូនអាជ្ញាធរដែនដី ដើម្បីចាត់ការតាមច្បាប់ ។

លោកមានប្រសាសន៍ថា «ក្រសួងត្រូវបន្តសហការជាមួយអាជ្ញាធរដែនដី ជាពិសេសនគរបាល និងកងរាជអាវុធហត្ថ ដើម្បីចាត់វិធានការលើ យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស»។

ចំពោះវិធានការទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ រដ្ឋមន្ដ្រីសាធារណការ ក៏បានណែនាំ ឲ្យក្រុមមន្ត្រីជំនាញពាក់ព័ន្ធប្រើប្រាស់ យន្តការជញ្ជីងចល័ត ជញ្ជីងបង្កប់ក្រោមតួផ្លូវ (WEIGHT IN MOTION) និងកាមេរ៉ាចាប់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យបានច្រើនកន្លែង ដើម្បីតាមចាប់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលគេចវេះ មិនព្រមចូលថ្លឹងនៅ តាមស្ថានីយជញ្ជីង ដែលជាមូលហេតុចម្បងនាំឱ្យមានគ្រោះថ្នាកចរាចណ៍ អន្តរាយដល់ផ្លូវថ្នល់ និងខាតបង់ថវិកាជាតិជាដើម ។

ដោយឡែកទាក់ទងនឹងការគ្រប់គ្រង និងត្រួតពិនិត្យស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវជាតិ រដ្ឋមន្ដ្រីសាធារណការ ក៏បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់របស់ក្រសួង សិក្សាលម្អិតគ្រប់ ផ្លូវទាំងអស់ ដើម្បីរៀបចំបំពាក់ស្លាកសញ្ញាឱ្យត្រូវតាមលក្ខណៈបច្ចេកទេស ងាយមើលឃើញ និងមានគុណភាពល្អអាចប្រើប្រាស់បានយូរអង្វែង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឆ្លៀតឱកាសនោះ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងថា ការផ្ទេរកម្មសិទ្ធិយានជំនិះនឹងត្រូវធ្វើតាមប្រព័ន្ធអនឡាញ ដោយហេតុថា ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយអគ្គនាយកពន្ធដារ ដើម្បីធ្វើឱ្យប្រសើរឡើងក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋគ្រាន់តែចូលទៅកាន់ កន្លែងផ្តល់សេវាដែលកំណត់ដោយក្រសួង តែមួយកន្លែងជាការស្រេច ដើម្បីទទួលបានសេវា និងបង់ពន្ធប្រាប់ត្រា ដោយប្រើប្រាស់រយៈពេលខ្លី លឿនរហ័ស និងមិនស្មុគស្មាញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ