ក្នុងឱកាសប្រារព្វទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ ឆ្នាំ២០២០ កម្ពុជាដុតបំផ្លាញគ្រឿងញៀន ជាង៧៥០គីឡូក្រោម
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរងអជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាបគ្រឿងញៀន បានបញ្ជាក់ថា ក្នុងឱកាសអបអរទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ ២៦ មិថុនា ឆ្នាំ២០២០ ដែលរៀបចំឡើងជាបន្តបន្ទាប់ ចាប់តាំងពីចុងខែមិថុនា រហូតដល់ ពាក់កណ្តាលខែសីហា ឆ្នាំ២០២០ កម្ពុជាបានដុតបំផ្លាញថ្នាំញៀនជាង៧៥២គីឡូក្រាម និងសារធាតុផ្សំមួយចំនួនទៀតផងដែរ។
លោក ម៉ក់ ជីតូ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ដើម្បីអបអរទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ ២៦ មិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធពិធីដុតបំផ្លាញគ្រឿងញៀនចំនួន៥លើក នៅរាជធានី-ខេត្ត ចំនួន៥ផ្សេងៗគ្នា រួមមាន៖
១-រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលប្រមូលថ្នាំញៀនមកពី រាជធានីភ្នំពេញ កណ្ដាល តាកែវ និងកំពង់ស្ពឺ ចំនួន១៦៧សំណុំរឿង ថ្នាំជាង៤៧៧គីឡូក្រាម។
២-ខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលប្រមូលថ្នាំញៀន មកពីខេត្តស្ទឹងត្រែង រតនគិរី ព្រះវិហារ មណ្ឌលគិរី និងក្រចេះ ចំនួន១៩៦សំណុំរឿង ជាង៩៣គីឡូក្រាម និងសារធាតុគីមី ៨៤៨.៤ក្រាម ។
៣-ខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ដែលប្រមូលថ្នាំញៀនពីខេត្តព្រះសីហនុ កំពត កោះកុង និងកែប ចំនួន៨៦សំណុំរឿង ចំនួនថ្នាំជាង៥១គីឡូក្រាម។
៤-ខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ដែលប្រមូលថ្នាំញៀនពីខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងត្បូងឃ្មុំ ចំនួន៥២២ សំណុំរឿង ចំនួនជាង៣៦គីឡូក្រាម និងកញ្ឆា ៨.៩៦ក្រាម ។
និង៥-ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ដែលប្រមូលថ្នាំញៀនពីបន្ទាយមានជ័យ សៀមរាប កំពង់ធំ និងឧត្តរមានជ័យ ចំនួន១០៤៦សំណុំរឿង ចំនួនថ្នាំជាង៩៣គីឡូក្រាម៕EB