ព្រៃវែង ៖ លោក ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ត្រូវការពារសុខសន្ដិភាព ព្រោះមានសន្ដិភាពទើបកសាងប្រទេស ហើយសន្ដិភាពមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

លោក ខៀវ សុភ័គ បានអំពាវនាវបែបនេះ ក្នុងពិធីសម្ពោធសមិទ្ធិផលនានា និងបញ្ចុះបឋមសិលាសាងសង់កុដិ ចំនួន០១ខ្នង ក្នុងវត្តភូមិធំ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃសុក្រទី៥ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោក មានប្រសាសន៍ថា «សព្វថ្ងៃនេះជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ មានការរីកចម្រើន និងមានស ម្ភារប្រើប្រាស់គ្រប់គ្រាន់។ ទាំងនេះហើយហៅថា សន្ដិភាពដែលយើងរកបាន យើងមានសន្ដិភាពសព្វថ្ងៃនេះ បានចំណាយទាំងសាច់ ទាំងឈាម ដើម្បីឲ្យមានសន្ដិភាពដូចសព្វថ្ងៃនេះ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវប្ដេជ្ញាចិត្តការពារសន្ដិភាព ហើយប្រជាពលរដ្ឋរស់នៅដោយសន្ដិភាព និងគ្មានសង្គ្រាមកើតឡើង»។

លោក បន្ថែមថា កម្ពុជាឆ្លងកាត់របបនយោបាយជាច្រើនជំនាន់ ធ្វើឲ្យកម្ពុជាមិនដែលទទួលបានសុខសន្តិភាពពេញលេញបរិបូណ៍ដូចបច្ចុប្បន្ននេះទេ។ ដូច្នេះ ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សា ការពារសន្តិភាព ដែលមានសព្វថ្ងៃនេះ ការពារឲ្យបានគង់វង្ស ដើម្បីរួមគ្នាបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានកាន់តែរីកចម្រើនបន្ថែមទៀត។

លោក បន្ដថា មានសន្ដិភាពទើបអាចកសាងប្រទេសជាតិបាន និងធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើន ជាពិសេស ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ លោក បន្ថែមទៀតថា ដើម្បីឲ្យប្រទេសកម្ពុជា ទទួលបាននូវការរីកចម្រើនបន្ថែមទៀត ប្រជាពលរដ្ឋត្រូវតែផ្តល់នូវការជឿជាក់ និងគាំទ្រទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

ឆ្លៀតឱកាសនោះដែរ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវថែរក្សាសុវត្ថិភាព សុខភាព ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ជាពិសេស ត្រូវពាក់ម៉ាស់ជាប់ជានិច្ច លាងដៃឲ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាព ហើយត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ