ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា កម្ពុជាចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជា មួយប្រទេសចិនមិនមែនដើម្បីយកឈ្នះយកចាញ់ ជាមួយសហគមន៍ អឺរ៉ុបដែលគ្រោងព្យូរប្រព័ន្ធអនុគ្រោះពន្ធលើទំនិញ គ្រប់មុខ លែងតែអាវុធដែលហៅកាត់ថាEBAនោះឡើយពោលគឺការចុះកិច្ចព្រមព្រៀងនេះ ដើម្បីពង្រីកទីផ្សារសម្រាប់ទំនិញរបស់កម្ពុជា ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

សូមរំលឹកថា កាលពីអំឡុងខែកុម្ភៈឆ្នាំ ២០២០ គណៈកម្មការអឺរ៉ុប (EU) បានសម្រេចដក EBA លើមុខទំនិញនាំចេញរបស់កម្ពុជា ប្រមាណ២០% នៃមុខទំនិញនាំចេញទាំងអស់ ទៅកាន់ទីផ្សារអឺរ៉ុប ហើយទំនិញ ៨០%ទៀត ត្រូវបានរួចពន្ធដដែល ។ប្រសិនបើគ្មានអ្វីប្រែប្រួលសភាអឺរ៉ុបនិង ក្រុមប្រឹក្សានៅ ការព្យួរEBA នេះនឹងចូលជាធរមាន នៅ ថ្ងៃ ទី ១២ ខែ សីហា ឆ្នាំ ២០២០ខាងមុខនេះ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី វិធានការជំរុញ ផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក លោក ផៃ ស៊ីផាន បានថ្លែងថា «ការចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយប្រទេសចិនមិនមែន ជាការយកឈ្នះយកចាញ់ជាមួយEBAនោះទេ។ សូមជម្រាបរាជរដ្ឋាភិបាលមានគោល នយោបាយតាំងពីយូរណាស់មកហើយ ធ្វើយ៉ាងម៉េចដើម្បីរកទីផ្សារឲ្យបានច្រើន»។

លោកបញ្ជាក់ថា រឿង EBA ជារឿងរបស់កម្ពុជាជាមួយសហគមន៍អឺរ៉ុបក្នុងភាពជាដៃគូហើយ ការសម្រេចចិត្តនិងការទទួលខុសត្រូវរៀងៗខ្លួន រវាងកម្ពុជាជាមួយសហគមន៍អឺរ៉ុប ដែលយើងមាននិន្នាការឯករាជ្យនិងអធិបតេយ្យភាពរៀងៗខ្លួន”។

ទាក់ទិនករណីនេះជារឿយៗ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក់ថា សម្ដេចនឹងមិនសុំត្រឡប់មកវិញ នូវប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់មុខ (EBA) ២០% ដែលសហភាពអឺរ៉ុបព្យូរនោះឡើយ ព្រោះកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជំនួយ ឬសុំការអនុគ្រោះណាមួយឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ