កំណើនកូនអណ្តើកហ្លួងប្រចាំឆ្នាំជាក្តីសង្ឃឹមនៃការស្តារប្រភេទអណ្តើកជិតផុតពូជនេះក្នុងធម្មជាតិឡើងវិញ
ភ្នំពេញ ៖ ឆ្នាំនេះ កូនអណ្ដើកហ្លួងចំនួន ២៣ក្បាលបានញាស់ចេញពីសំបុកនៅលើ ឆ្នេរខ្សាច់ចំនួន ពីរ តាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង។ ចំនួននេះច្រើនជាងចំនួន កូនអណ្ដើកហ្លួងសរុប ដែលញាស់បានក្នុងរយៈពេលបីឆ្នាំកន្លងមក។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសមាគមអភិរក្សសត្វព្រៃ ដែលហៅកាត់ថា WCS កូនអណ្ដើកហ្លួងទាំង ២៣ក្បាលនេះ បានញាស់ចេញពីសំបុកចំនួន៣ ដែលក្រុមការពារ សំបុក សហគមន៍បានរកឃើញ និងបានការពារនៅលើឆ្នេរខ្សាច់ ០២ទីតាំង ស្ថិតនៅតាម ប្រព័ន្ធព្រែកស្រែអំបិល។ សំបុកមួយក្នុងចំណោមសំបុកទាំងបីត្រូវបានរកឃើញ នៅលើឆ្នេរ ខ្សាច់មួយដែលអណ្ដើកហ្លួងធ្លាប់ពងរៀងរាល់ឆ្នាំ ចំណែកឯពីរសំបុកទៀតត្រូវបាន រកឃើញ នៅលើឆ្នេរខ្សាច់ថ្នីមួយតាមដងព្រែកកំពង់សោម ដែលអណ្ដើកហ្លួងមិន ដែលមកពង កូន តាំងពីឆ្នាំ២០០៧ មកម្ល៉េះ។សំបុកអណ្តើកហ្លួងទាំង៣សំបុកនេះមានពងសរុប ៥១ ក៏ប៉ុន្តែមានតែ ២៣ពង ប៉ុណ្ណោះបានញាស់ ចំណែកឯពងដែលនៅសេសសល់ខូចដោយ មិនដឹងមូលហេតុ។
អង្គការ WCS ចាត់ទុកថា ជោគជ័យនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹង ប្រែងលើការងារ អភិរក្ស របស់សហគមន៍មូលដ្ឋាន និងគម្រោង ហើយជាលទ្ធផលនៃការផ្សព្វផ្សាយសារាចរ និងសេចក្តីប្រកាសចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ របស់ក្រសួងរ៉ែ និងថាមពល ដែលសម្រេចបញ្ឈប់រាល់សកម្មភាពបូមខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងប្រកាសលេខ១៣៣ ប្រក.កសក ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការដាក់ប្រព័ន្ធព្រែកស្រែអំបិលជាតំបន់គ្រប់គ្រង និងអភិរក្សអណ្តើកហ្លួង និងក្រពើត្រី។
លោក កែន សេរីរដ្ឋា នាយកអង្គការ WCS បានមានប្រសាសន៍ថា «កំណើននៃចំនួនកូន អណ្ដើកហ្លួងនេះបង្ហាញថា ក្រុមការងារអភិរក្សដែលកំពុងធ្វើការ ជាមួយសហគមន៍មូលដ្ឋាន និងរាជរដ្ឋាភិបាល សម្រេចបាននូវជោគជ័យលើការងារ អភិរក្សយ៉ាងច្រើនគួរឱ្យកត់សម្គាល់។ ដោយមាន ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ យើងសង្ឃឹមថាចំនួនអណ្ដើកហ្លួង នឹងបន្តកើនឡើងកាន់តែច្រើននាពេលអនាគត»។
អណ្តើកហ្លួង ឬមានឈ្មោះថាវិទ្យាសាស្ត្រថា Batagur affinis ត្រូវបានអង្គការ IUCN ចាត់ចំណាត់ថ្នាក់ជាប្រភេទកំពុងទទួលរងគ្រោះជិតផុតពូជបំផុត និងជាប្រភេទមួយក្នុងចំណោមប្រភេទអណ្តើក (លើកលែងអណ្តើកសមុទ្រ) ទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើពិភពលោក និង ត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ជាឧរង្គសត្វតំណាងឱ្យប្រទេសកម្ពុជា និងត្រូវបានការពារដោយអនុក្រឹត្យលេខ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ជាប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផ លនៃរដ្ឋបាលជលផលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេកដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាស លេខ១៣៣ ប្រក.កសក ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ស្តីពីការដាក់ប្រព័ន្ធព្រែកស្រែអំបិលជាតំបន់គ្រប់គ្រង និងអភិរក្សអណ្តើកហ្លួង និងក្រពើត្រី។ ប្រកាសនេះនឹងមិនអនុញ្ញាតឱ្យមានការនេសាទខុសច្បាប់ និងជាពិសេសសកម្មភាពបូមខ្សាច់នានានៅតាមប្រព័ន្ធព្រែកស្រែអំបិល មានដូចជា ព្រែកកំពង់សោម ព្រែកក្អោង និងព្រែកកំពង់លើជាដើម”។
លោក វិបុល បានបន្ថែមថារដ្ឋបាលជលផលបានធ្វើការងារយ៉ាងសកម្មជាមួយអង្គការ WCS ដើម្បីអភិរក្សអណ្តើកហ្លួង តាមរយៈសកម្មភាពការពារទីជម្រក ឆ្នេរខ្សាច់ ការស្រាវជ្រាវ និងតាមដាន កម្មវិធីការពារសំបុក ការបង្កើតសហគមន៍នេសាទ និងការងារលើកស្ទួយជីវភាពសហគមន៍នានា។
សហភាពអឺរ៉ុបកំពុងតែផ្ដល់មូលនិធិគាំទ្រគម្រោងអភិរក្សសត្វព្រៃនៅប្រទេសកម្ពុជា ដោយមានអង្គការ WCS និងរដ្ឋបាលជលផលជាដៃគូ ដើម្បីប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ និងការការពារសំបុកអណ្ដើកហ្លួង។ សហភាពអឺរ៉ុបក៏ជាដៃគូដ៏សំខាន់មួយផងដែរ ដែលគាំទ្រលើការគ្រប់គ្រងធនធានជលផលសំខាន់ៗ ប្រកបដោយចីរភាពនៅប្រទេសកម្ពុជា។
ចំណែកលោកស្រី ខាមឹន ម៉ូរេណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “កំណើននៃកូនអណ្ដើកហ្លួងនេះគឺជាព័ត៌មានដ៏អស្ចារ្យសម្រាប់ប្រភេទដ៏សំខាន់ ដែលកំពុងទទួលរងគ្រោះជិតផុតពូជបំផុត។ យើងខ្ញុំសូមអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា អង្គការ WCS ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការការពារប្រភេទអណ្ដើកហ្លួងនេះប្រកបដោយជោគជ័យ ដែលបង្ហាញឱ្យឃើញអំពីការប្តេជ្ញាចិត្តក្នុងការការពារធនធានជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជា”។
គេជឿថា អណ្តើកហ្លួងឬអណ្តើកសរសៃបានផុតពូជអស់ហើយនៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែនៅឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសាជាថ្មីនូវប្រភេទអណ្តើកហ្លួងនេះមួយចំនួនតូចនៅសេសសល់តាមដងព្រែកស្រែអំបិល៕ E B