ត្រឹមខែឧសភា ខេត្តព្រះសីហនុ មានសំណង់អាគារខ្ពស់ៗ មានច្បាប់សាងសង់ជាង ៥០០ និងគ្មានច្បាប់ជិត ៤០០
ភ្នំពេញ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានប្រកាសឲ្យដឹងថ្មីៗនេះថា គិតចាប់ពីឆ្នាំ២០០៥ រហូតដល់ខែឧសភា ឆ្នាំ២០២០ សំណង់អគារខ្ពស់ៗ នៅក្នុងខេត្តព្រះសីហនុ មានចំនួន ៩២២អគារ ក្នុងនោះមានច្បាប់អនុញ្ញាត សាងសង់ចំនួន ៥២៩អគារ និងគ្មានច្បាប់ចំនួន៣៩៣អគារ ។
ការរីកដុះដាលនូវអគារខ្ពស់ៗនេះ សបញ្ជាក់ឲ្យឃើញថា ខេត្តព្រះសីហនុជាតំបន់ទេសចរណ៍យ៉ាងទាក់ទាញ និងជាប៉ូលសេដ្ឋកិច្ចយ៉ាងសំខាន់ផងដែរ ស្របពេលមានផ្លូវ៣៤ខ្សែ កំពុងសាងសង់យ៉ាងមមាញឹក ។
បើតាមរដ្ឋមន្រ្តីក្រសួង ទេសចរណ៍ លោក ថោង ខុន ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងមមាញឹក មានផ្លូវ ៣៤ខ្សែ និងឆ្នេរខ្សាច់ជាង ៩គីឡូ ម៉ែត្រដែល ប្រជាពលរដ្ឋនៅទូទាំងប្រទេស កោតសរសើរ អបអរសាទរដែលជាស្នាដៃកូនខ្មែរ គូសប្លង់ និងសាងសង់ ។
សមិទ្ធផលទាំងនេះ ឆ្លើយតបទៅនឹងការអភិវឌ្ឍ របស់ខេត្តជម្រុញកំណើនទេសចរ និងសេដ្ឋកិច្ច ខណៈបច្ចុប្បន្នភ្ញៀវក្នុងស្រុកមានប្រមាណ ៦០ម៉ឺននាក់ក្នុងមួយខែ កាលមិនទាន់មាន Covid-១៩ ភ្ញៀវក្នុងស្រុកមានជាង ១លាននាក់ ក្នុងមួយខែ ៕EB