ក្រសួងបរិស្ថាដាក់តាំង រូបសំណាកសត្វប្រើសពីរក្បាល ដើម្បីឱ្យក្មេងៗជំនាន់ក្រោយឲ្យបានស្គាល់ និងចេះស្រឡាញ់សត្វព្រៃ
រូបសំណាកសត្វប្រើសពីរក្បាលដែលបានដាក់តាំងនៅទីស្តីការក្រសួងបរិស្ថាន ជាសត្វប្រើសដែលព្រានព្រៃបានបាញ់ ក្នុងដែនជម្រកសត្វព្រៃព្រះរកា ខេត្តព្រះវិហារ ហើយបានរត់មកស្លាប់នៅក្នុងភូមិរបស់ប្រជាពលរដ្ឋនៅក្បែរនោះកាលពីឆ្នាំ ២០១៩ កន្លងទៅ។
អ្នកស្រុករួមនឹងព្រះសង្ឃបានធ្វើពិធីបុណ្យសាសនាឧទ្ទិសកុសលដល់សត្វសត្វប្រើសទាំងពីរក្បាលនេះដែលប្រើសនីមួយៗមានទម្ងន់ជាង ២០០ គីឡូក្រាម។ បរិស្ថានខេត្តព្រះវិហារបានសហការជាមួយសមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជាធ្វើសំណាកសម្រាប់ប្រើប្រាស់ក្នុងការអប់រំផ្សព្វផ្សាយអំពីការអភិរក្សសត្វព្រៃនៅប្រទេសកម្ពុជាដល់ក្មេងៗជំនាន់ក្រោយឲ្យបានស្គាល់ និងចេះស្រឡាញ់សត្វព្រៃ។
ប្រើស ឬ ប្រើសស្បូវ ហើយឈ្មោះជាភាសាអង់គ្លេសថា SAMBAR ឈ្មោះវិទ្យាសាស្រ្ត (Cervus unicolor) ជាថនិកសត្វតិណាសីស្ថិតក្នុងត្រកូលប្រើស ដែលមានមាឌធំជាងគេ។ នៅលើដងខ្លួនមានរោមប្រផេះស្ទើរក្រមៅ និងកមានរោមក្រាស់វែង។ កន្ទុយរបស់វាខ្លីសំពោងពណ៌ក្រមៅ និងរស់រវើក ជា និច្ចពេលរកចំណីហើយវាមានស្លឹកត្រចៀកធំ។ ស្នែង ប្រើសឈ្មោលពេញវ័យមានប្រវែងពី៥០ - ១០០ សង់ទីម៉ែត្រ ដែលជាទូទៅមានខ្នែងម្ខាងៗចំនួនបី មួយនៅជាប់នឹងគល់និងពីរទៀតនៅខាងចុង។
ប្រើសជាសត្វដែលអាចរស់នៅគ្រប់ជម្រកទាំងអស់រួម ទាំងព្រៃស្រោង និងព្រៃរបោះ ។ វារកស៊ីពេលព្រលឹម និងពេលព្រលប់ហើយសម្រាកពេលថ្ងៃនៅតាមព្រៃ ក្រាស់ៗ ។ ចំណីរបស់វាមានដូចជាស្លឹកឈើ ចុងមែក ឈើតូចៗ ផ្លែឈើ និងស្មៅ ។ល។ ប្រើសក៏ចូលចិត្តស៊ី ដីច្រាបជាពិសេសប្រើសឈ្មោលដែលកំពុងលូតលាស់ស្នែង ។ ជារៀងរាល់ឆ្នាំ ប្រើសតែងជម្រុះ ស្នែងចាស់ចោលនៅចន្លោះខែកក្តដា ដល់ខែកញ្ញា ។ នៅរដូវបន្តពូជ ប្រើសឈ្មោលតែងតែជល់គ្នាយកឈ្នេះ ដើម្បីគ្រប់គ្រងតំបន់ ដើម្បីពាក់ញីនៅក្នុងហ្វូងរហូតដល់ ៨ក្បាល។ ប្រើសញីកើតកូនម្ដងតែ១បន្ទាប់ពីពពោះរយៈពេល ៨ខែ។
វាមានវត្តមាននៅភូមិភាគខាងជើងនិរតី និងភូមិភាគឦសាននៃប្រទេសកម្ពុជា។គេក៏បានរកឃើញងផងដែរនៅប្រទេសឥណ្ឌា ប្រទេសចិន និងតំបន់ភូមិភាគអាស៊ីអាគ្នេយ៍ រួមទាំងកោះស៊ូម៉ាត្រា កោះចារ៉ា និងបូនេអូរ។ វាជាប្រភេទស្ថិតក្នុងក្រុមដែលងាយរងគ្រោះថ្នាក់ ប្រភេទ នេះ កំពុងទទួលរងគ្រោះថ្នាក់ ដោយសារការបរបាញ់យក សាច់ ស្នែង ស្បែក និង ឆ្អឹង ដើម្បីធ្វើពាណិជ្ជកម្ម ។ ដូចនេះហើយវាត្រូវបានចុះក្នុងបញ្ជីក្រហម (IUCN) ជាប្រភេទអាស្រ័យ លើកិច្ចអភិរក្សនៅតាមតំបន់ ជាក់លាក់ ដែលវារស់នៅ ៕SP