ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថាយានយន្តប្រមាណ ជាង៣ម៉ឺន ៥ពាន់គ្រឿង ត្រូវសមត្ថកិច្ចត្រួតពិនិត្យនិងផាកពិន័យនៅក្នុងការអនុវត្តការរឹតបន្តឹងការច្បាប់ចរាចរណ៍ផ្លូវគោករយៈពេល២៤ថ្ងៃគឺគិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ចំណែកគ្រោះថ្នាក់ចរាចរណ៍រយៈពេល ២៤ថ្ងៃ(១–២៤ ឧសភា)កើតឡើង ១៦៤លើក ស្លាប់ចំនួន៩០នាក់ និងរបួសធ្ងន់ស្រាលជាង២៣០នាក់។
លោក ឆាយ គឹមខឿន បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា«លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩រយៈពេល២៤ថ្ងៃ គិតពីថ្ងៃទី១ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យសរុបចំនួន ៣៥.៧៨៧នាក់ ក្នុងនោះម៉ូតូមានចំនួន២៦.០៤៤គ្រឿង និងរថយន្តមានចំនួន៩.៧៤៣គ្រឿង ក្នុងនោះរថយន្តតូចចំនួន៨.២៣៩គ្រឿង និងរថយន្តធំចំនួន ១.៥០៤គ្រឿង»។
លោកបន្ដថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍រយៈ២៤ថ្ងៃ ពីថ្ងៃទី១–២៤ ខែឧសភា ឆ្នាំ២០២០ លើកឡើង១៦៤លើក ស្លាប់៩០នាក់ របួស២៣២នាក់ ក្នុងនោះ របួសធ្ងន់១៤៦នាក់។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ កើតឡើង៣លើក ស្លាប់០១នាក់ និងរបួស៦នាក់ ក្នុងនោះរបួសធ្ងន់ចំនួន៤នាក់៕ EB