ព្រៃកោងកាងទឹកសាបជាច្រើនហិកតាលាក់ខ្លួន នៅសៀមរាប
ក្រសួង ទេសចរណ៍ បាន អោយ ដឹងថា : ប្រជាជនស្ទើរតែទាំងអស់ប្រាកដជាគិតថា ដើមកោងកាងមានដុះតែនៅតាមមាត់សមុទ្រប៉ុណ្ណោះ ដោយភាគច្រើនមិនបានដឹងថា ពពួករុក្ខជាតិទាំងនេះក៏មានដុះលូតលាស់ផងដែរនៅក្នុងខេត្តសៀមរាប ខណៈទឹកដីដ៏សំខាន់របស់កម្ពុជាមួយនេះ គ្មានទឹកប្រៃដូចនៅតំបន់ឆ្នេរសមុទ្រសូម្បីតែបន្តិច។
ស្ថិតក្នុងសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ភាគខាងជើងនៃស្រុកសូទ្រនិគម ដើមកោងកាងសំបកក្រហមទាំងនេះបានគ្របដណ្ដប់លើផ្ទៃដីប្រមាណជាង ៩០ ហិកតា ប៉ុន្តែបើនិយាយពីសហគមន៍អភិរក្សព្រៃឈើទាំងមូលវិញ គឺមានផ្ទៃដីរហូតដល់ ១,០២២ ហិកតា ដែលត្រូវបានអ្នកស្រុកចាត់ទុកជាតំបន់រងខ្សែទឹកក្រោមដី ហូរធ្លាក់ពីតំបន់ភ្នំគូលែនបរមបព៌តដ៏ពិសិដ្ឋរបស់អាណាចក្រខ្មែរ។
ដើម្បីដើរទស្សនាទេសភាពនៅតាមតំបន់ព្រៃកោងកាងនេះបាន ប្រជាសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ដែលជាអ្នកស្រលាញ់អភិរក្សធនធានធម្មជាតិនៅទីនោះ បានរួមសាមគ្គីគ្នាធ្វើស្ពានឈើជាច្រើនខ្សែ សម្រាប់ឱ្យភ្ញៀវទេសចរអាចដើរទស្សនាបានយ៉ាងងាយស្រួល និងសព្វទីកន្លែងនានាជុំវិញតំបន់ព្រៃកោងកាងនេះ។
នៅសងខាងស្ពាន ដើមកោងកាងដុះ លូតលាស់ស្កេកស្កះ ឫសចាក់ច្រូងច្រាងប្រជ្រៀតគ្នាជាសហគមន៍ សំបកឆ្នូតៗក្រហមព្រឿងស្រោបដើមពីគល់រហូតដល់មែកដូចគេផាត់ពណ៌យ៉ាងស្រស់ឆើតឆាយល្អប្លែកនេត្រា ស្លឹកស្រួចត្រវែងពណ៌បៃតងចាស់ ប្រក់ពីលើដើមអាត្មាបានជាម្លក់ត្រឈឹងត្រឈៃ គួរជាទីរមណីយសម្រាប់ការដើរទស្សនារបស់ភ្ញៀវទេសចរ។