គណៈសង្ឃនាយកនៅថ្ងៃទី២០ខែឧសភានេះ បានចេញសេចក្តីថ្លែងការណ៍បង្ហាញប្រតិកម្មយ៉ាងខ្លាំង និងមិនអាចទទួលយកបានចំពោះការលើកឡើងរបស់លោក ខាន់ សុវណ្ណ ដែលចង់ឲ្យមានការផ្សឹកព្រះសង្ឃដែលមានព្រះជន្មក្រោម៥៦វស្សា ដើម្បីយកកម្លាំងពលកម្មទៅបម្រើវិស័យសំណង់កំពុងខ្វះខាត។ គណៈសង្ឃនាយក បានចាត់ទុកការលើកឡើងនេះ ជាគំនិតខ្វះវិចារណញ្ញាណ។ ដោយ៖សៅ វិសាល

លោកខាន់ សុវណ្ណ អ្នកគ្រប់គ្រងហ្វេសប៊ុកផេកKhmer Mjas Srok កាលពីថ្ងៃទី១៨ ខែឧសភា បានសរសេរថា «កម្ពុជាកំពុងខ្វះខាតកម្លាំង ពលកម្មក្នុងវិស័យសំណង់ និងត្រូវការកម្មករ ជំនាញ និងគ្មានជំនាញជាច្រើនម៉ឺននាក់ដើម្បីបង្គ្រប់ទីផ្សារ។១៖ ចាត់ការផ្សឹកលោកសង្ឃដែលកំពុងពេញកម្លាំងក្រោម អាយុ៥៦ឆ្នាំចោលឲ្យអស់។ ២៖ ចាត់ការតម្លើងប្រាក់ឈ្នួលរបស់កម្មករសំណង់នោះឲ្យបានស្មើតម្លៃពលកម្មរបស់ប្រទេសថៃ។ តើអាចទៅរួចដែរទេ?»

សំណេរ និងការលើកឡើងនេះ ត្រូវបានគណៈសង្ឃនាយក បដិសេធយ៉ាងដាច់អហង្ការ ហើយពុំអាចទទួលយកបានជាដាច់ខាត។

ក្នុងសេចក្តីថ្លែងការណ៍នេះ គណៈសង្ឃ នាយកយល់ឃើញថា គំនិតយោបល់របស់លោក ខាន់ សុវណ្ណ បានបង្កប់នូវអត្ថន័យខ្លឹមសារ និងការឆ្លុះបញ្ចាំងពីភាពអសីលធម៌ គំនិតលាមក និងភាពយង់ឃ្នងសាហាវឃោរឃៅព្រៃផ្សៃបំផុត។ ជាការប្រមាថមាក់ងាយមកលើព្រះសង្ឃពុទ្ធសាសនាគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស។ ជាការបង្វែរគំនិតមហាជនឲ្យដើរជាន់ដានប្រវត្តិសាស្ត្រ ល្វីងជូរចត់(បីឆ្នាំប្រាំបីខែម្ដែថ្ងៃ) ជារបប ខ្មៅងងឹតទមិឡឥតសាសនាដែលពិភពលោក និងមនុស្សជាតិស្អប់ខ្ពើមជាទីបំផុត។ ជាការរំលោភក្រមព្រហ្មទណ្ឌកម្ពុជាត្រង់មាត្រា៥១៦ ពីបទប្រមាថកាត់តឿនចំពោះព្រះសង្ឃ និងជាការប៉ះពាល់ស្មារតីមាត្រា៤៣ នៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាចែងថា ពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលរដ្ឋ មានកាតព្វកិច្ចការពារមិនឱ្យបុគ្គលណារំលោភបំពានបានឡើយ។

គណៈសង្ឃនាយក ក៏បានចាត់ទុកការលើកឡើងរបស់លោកខាន់ សុវណ្ណ ជាការរំលោភសិទ្ធិមនុស្សជាសកលដែលចែងអំពីសិទ្ធិជំនឿ និងការរស់រានមានជីវិតប្រកប ដោយសេចក្ដីថ្លៃថ្នូរក្នុងភេទជាបព្វជិតក្ដី និងជីវភាពជាគ្រហស្ថក្ដី។ ជាគំនិតខ្វះការគិតគូរវែងឆ្ងាយ ខ្វះពិសោធន៍ ខ្វះចំណេះដឹងប្រវត្តិសាស្ត្រ គ្មានសុចរិតភាព គ្មាន ភាពយុត្តិធម៌ និងគ្មានសេចក្ដីថ្លៃថ្នូរក្នុងការប្រើប្រាស់សំណេរ និងការបញ្ចេញមតិ និងបង្កើតនូវភាពឈឺចាប់ និងការចងកម្មពៀរវេរាដល់យុវសង្ឃ និងពុទ្ធបរិស័ទ។

គណៈសង្ឃនាយក បានបន្ថែមក្នុងសេចក្តីថ្លែងការណ៍បន្តថា ទោះបីជាក្នុងបច្ចុប្បន្នកាលក៏ដូចជាក្នុងអតីតកាល ភាពខុសឆ្គងរបស់អ្នកបួសមួយចំនួនតូចពិតជាមានខ្លះ ប៉ុន្តែពុំមែនទាំងអស់នោះឡើយ។ ផ្ទុយទៅវិញ គណៈសង្ឃនាយកកម្ពុជាតែងតែយកចិត្តទុកដាក់ក្នុងការចាត់វិធានការ ដោះស្រាយប្រកបដោយតម្លាភាពមិនឲ្យបុគ្គលប្រព្រឹត្តខុសវិន័យបន្តភាពជាសង្ឃតទៅទៀតនោះទេ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ