ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា បានប្រគល់ថវិកាឧបត្ថម្ភ ប្រចាំឆ្នាំ២០២០ ចំនួន ១ លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី២៥ ឧសភា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណ ចំពោះកាកបាទក្រហម កម្ពុជា ដែលប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២០ ចំនួន ១ លានដុល្លារ ជូនក្រុមប្រឹក្សាបរធន បាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលប្រគល់បន្តដល់មន្ទីរពេទ្យគន្ធបុប្ផា។

លោករៀបរាប់ថា មូលនិធិគន្ធបុប្ផាកម្ពុជា ដាក់ឲ្យដំណើរការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។លោកថា ផលប៉ះពាល់ដែលបាន និងកំពុងកើតមានឡើង ដោយសារការរាតត្បាតនៃជំងឺ កូវីដ-១៩ ដូចជាការថយចុះនៃទំហំបរិច្ចាគពីសំណាក់សប្បុរស ជននានា ជាពិសេសផលប៉ះពាល់ដោយសារការធ្លាក់ចុះ នៃភ្ញៀវទេសចរណ៍អន្តរជាតិ នៅខេត្តសៀមរាប ដែលធ្វើឲ្យការឧបត្ថម្ភប្រចាំត្រីមាសរបស់គ្រឹះស្ថានអង្គរជូនមូលនិធិ ពីការកាត់កម្រៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ មានការថយចុះ។

លោករំលឹកថា ការបាត់បង់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា និងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Peter Studer អតីតអនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាស្វីស  ផងដែរ ដែលលោកទាំងពីរបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុកុមារនៅកម្ពុជា។

ចំណែកលោកស្រី អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា បានលើកឡើង ពីសកម្មភាពសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ដែលបានចុះជួយដល់បណ្តាប្រជាជនរងគ្រោះ និងមានការខ្វះខាតផ្នែកជីវភាពរស់នៅ ជាពិសេសក្នុងខណៈពេលដែលជំងឺកូវីដ-១៩ បាន និងកំពុងរាតត្បាត ក្នុងនោះក៏រួមមានការបន្តជួយឧបត្ថម្ភថវិកាប្រចាំឆ្នាំជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្រ្គោះជីវិតកុមារនៅកម្ពុជា ផងដែរ ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ