ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងថា បទល្មើសក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ចំនួន៣៩៩ករណី ត្រូវបានបង្រ្កាបក្នុងរយៈពេល៤ ខែ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ ។

លោក នេត្រ ភក្ត្រា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បញ្ជាក់ថា បទល្មើសធនធានធម្មជាតិ ដែលបង្រ្កាបបានដោយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពី សមាជិក នៃសហគមន៍តំបន់ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងរយពេល៤ខែនេះ រួមមាន ការលួចកាប់ឈើខុសច្បាប់ ទន្ទ្រានកាន់កាប់ដីព្រៃ ការបរបាញ់សត្វខុសច្បាប់ ក្នុងនោះ បទល្មើសកាប់ឈើ និងទន្ទ្រានដីព្រៃខុសច្បាប់ ចំនួន ៣២ករណី ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីដំណើរការនីតិវិធី ខណៈបទល្មើសចំនួន៤២ករណី ដែលមានមនុស្សពាក់ព័ន្ធជិត១០០នាក់ ត្រូវបានឲ្យធ្វើកិច្ចសន្យា និងអប់រំណែនាំ។

លោក មន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិព្រៃឡង់ បានរឹបអូសវត្ថុតាង ជាច្រើន រួមមាន៖ រណាយន្តបានចំនួន១៩៣គ្រឿង រថយន្ត២គ្រឿង គោយន្តចំនួន៣៤គ្រឿង ម៉ូតូ២៥គ្រឿង និងរឹបអូសឈើដែលបានកាប់បំផ្លាញចំនួន១៧៩ម៉ែត្រគូប ព្រមទាំងឈើហ៊ុប និងឈើដុំចំនួន១៦៥កំណាត់។ 

ក្នុងអំឡុងនៃការបង្ក្រាបបទល្មើសនេះ កម្លាំងមន្ត្រីឧទ្យានុក្ស ក៏បានបំផ្លាញ និងរុះរើរោងអនាធិបតេយ្យក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ចំនួន៣៤រោង និងបានដកហូតកាំភ្លើងកែច្នៃដែលប្រើប្រាស់សម្រាប់ការបរបាញ់សត្វខុសច្បាប់បានចំនួន២៩ដើម និងបានដោះអន្ទាក់បានចំនួន៧២៤អន្ទាក់។

បច្ចុប្បន្ន ក្រសួងបរិស្ថាន បាននឹងកំពុងសហការអនុវត្តគម្រោងការពារ និង អភិរក្សតំបន់ដែន ជម្រកសត្វព្រៃព្រៃឡង់ ក្រោមគម្រោង«ព្រៃឡង់បៃតង» ដែលគាំទ្រថវិកាដោយភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) ក្នុងទំហំទឹកប្រាក់២១ លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។

លោកថា គម្រោងព្រៃឡង់បៃតងមានគោលបំណង ធ្វើឲ្យប្រសើរឡើង នូវការអភិរក្សជីវៈចម្រុះ និងស្ថានភាពប្រព័ន្ធអេកូឡូស៊ី ព្រមទាំងបង្កើតឲ្យមាននិរន្តរភាព និងសមធម៌នៃកាលានុវត្តភា ពផ្នែកសេដ្ឋកិច្ច ជីវភាពសហគមន៍ និងទុនធម្មជាតិសម្រាប់ការ វិនិយោគឡើងវិញ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ