លោក ហ៊ុន ម៉ាណែត ឆ្លើយតបទៅអ្នកវិភាគថា រថយន្ដ២៩០គ្រឿង គឺជាថវិកាសប្បុរសជន
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឆ្លើយតបទៅនឹង អ្នកវិភាគមាននិន្នាការប្រឆាំងមួយចំនួនថា ការទិញរថយន្ដ២៩០គ្រឿង មកពីប្រទេសចិន គឺជាថវិកាសប្បុរសជននានា ហើយការទិញ រថយន្ដនេះ តាំងពាក់កណ្ដាល ឆ្នាំ២០១៩ ពោលមុន កូវីដ-១៩ ទៅទៀត។
សូជម្រាបថា រថយន្ត ចំនួន២៩០គ្រឿងជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត តាមរយៈការអំពាវនាវរបស់សម្ដេច ឲ្យសប្បុរសជនចូលរួមជាទឹកចិត្តសប្បុរសធម៌ ចូលរួមជួយដល់កងយោធពលខេមរភូមិន្ទនិងនគរបាលជាតិ
ក្នុងពិធី ប្រគល់-ទទួល រថយន្ត អំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់ កងយោធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ លោក ហ៊ុន ម៉ាណែត មានការចាប់អារម្មណ៍ច្រើនណាស់ តាំងពីរថយន្ដមកដល់ដី ខ្មែរ ហើយមានការចុះផ្សាយជាបន្ដបន្ទាប់ តាមព័ត៌មាន និងតាមប្រព័ន្ធសង្គមហ្វេសប៊ុក ហើយ មានអ្នកវិភាគខ្លះ គឺវិភាគហុយដីតែម្ដង ដោយទាំងមិនដឹងរឿង គ្រាន់តែឃើញរថយន្ដ វិភាគហុយដី និងគ្មានមូលដ្ឋានច្បាស់លាស់។
លោក ថ្លែងថា «ចំពោះការវិភាគ ដែលលើកឡើងថា មិនទាន់មានតម្រូវការចាំបាច់ ក្នុងការ ទិញរថយន្តទាំង ២៩០ គ្រឿងនេះ គឺមិនមែនជាការវិភាគ ដែលមានមូលដ្ឋាននោះទេ។ ព្រោះ មានតែកងទ័ព និងកងនគរបាលជាតិប៉ុណ្ណោះ ដែលដឹងច្បាស់អំពីតម្រូវការ របស់ខ្លួន ដើម្បី ធានាប្រសិទ្ធិភាពនៃការបំពេញភារកិច្ចរបស់ខ្លួន។ មេបញ្ជាការកងទ័ពជើងគោក និងអគ្គស្នង ការនគរបាលជាតិ បានធ្វើការសម្របសម្រួលច្រើនជាមួយសប្បុរសជន ដើម្បីធ្វើយ៉ាងណាធា នាដោះស្រាយនូវមធ្យោបាយដឹកជញ្ជូន ដើម្បីជួយដល់កងទ័ព និងកងនគរបាលជាតិ បម្រើ ដល់ការងារប្រតិបត្តិការរបស់អង្គភាព»។
លោកបញ្ជាក់ថា ចំពោះថវិកាទិញរថយន្ដចំនួន២៨៩០គ្រឿង មិនមែនជាថវិកាជំនួយរបស់ចិន ឡើយ ជាថវិកាចូលរួមចែករំលែករបស់សប្បុរសជនខ្មែរ ដែលកៀរគរបានតាមការអំពាវនាវ របស់ សម្តេចតេជោ។លោកថា គ្មានអ្វីចាំបាច់ ក្នុងការភូតភរលាក់បាំងអ្វីឡើយ បើសិនជាជំនួ យចិន នឹងប្រាប់ថា ជំនួយរបស់ចិន ហើយ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «យើងបានធ្វើការងារជាមួយសប្បុរសជន កម៉្មង់ទិញតាំងពីពាក់កណ្ដាល ឆ្នាំ២០១៩ មុនកូវីដផ្ទុះយើងកក់លុយហើយ បានក្រុមហ៊ុនចាប់ផ្ដើមធ្វើឡានគេធ្វើតាំងពីកណ្ដាលឆ្នាំ២០១៩។ហើយខ្ញុំមិនដឹងថា កូវីដផ្ទុះដើមឆ្នាំ២០២០»។
បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង បានលើកឡើងថា នៅតាមបណ្ដាប្រទេសមួយចំនួន គេបំពាក់អាវុធទំនើប កប៉ាល់ហោះទំនើបចំណាយលុយរាប់រយលាន ។ គ្រាន់តែកងកម្លាំងខ្មែរមានរថយន្តជាមធ្យោបាយប្រើប្រាស់ ដើម្បីបំពេញភារកិច្ច បែរជា វាយប្រហាររិះគន់ហើយពេលទ័ពខ្វះខាតក៏នាំគ្នាថាគ្មានលទ្ធភាពបំពាក់ឲ្យកងទ័ពដូចប្រទេសគេ។
បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អរគុណចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមអបអរសាទចំពោះរថយន្ដ២៩០គ្រឿង ព្រោះរថយន្ដនេះយកទៅបម្រើជាតិ ប្រជាពលរដ្ឋនៅពេលជួបបញ្ហាអ្វីមួយដែលអាចកើតឡើងបាន៕