ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត  មុំ  គង់ នាយកប្រតិបត្ដិ អង្គការចលនាដើម្បីសុខភាពកម្ពុជាបានថ្លែងថាការសេពគ្រឿងស្រវឹងជុំគ្នាជាកត្តាប្រឈមខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ហើយ កត្តាប្រឈមទាំងនោះមានមិនលាងដៃជាមួយ អាល់កុល ឬសាប៊ូ មិនពាក់ម៉ាស់ មិនរក្សា គម្លាត ក្នុងអំឡុងពេលសេពគ្រឿងស្រវឹង។

លោក មុំ  គង់ បានឲ្យដឹងថា ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ក្នុងសហគមន៍ដែលកើតឡើង ដោយការសេពគ្រឿងស្រវឹងជុំគ្នារាជរដ្ឋាភិបាលគួរចេញបទបញ្ជាហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់ទម្រង់ និងហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទមួយរយៈ។ ព្រោះការផ្សាយពាណិជ្ជកម្មគ្រឿង ស្រវឹងនិងភាពងាយរកបាននៃគ្រឿងស្រវឹងជំរុញឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងកើនឡើង។

លោកមានប្រសាសន៍ថា «ការសេពគ្រឿងស្រវឹងជុំគ្នា ជាកត្តាប្រឈមខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។ កត្តាប្រឈមទាំងនោះមានដូចជា មិនបានលាងដៃជាមួយអាល់កុល ឬសាប៊ូ មិន បានពាក់ម៉ាស់ មិនបានរក្សាគម្លាតក្នុងអំឡុងពេលសេពគ្រឿងស្រវឹងជាដើម»។

លើសពីនេះ ក្នុងអំឡុងពេលសេពគ្រឿងស្រវឹង ភាពស្និទ្ធស្នាល ការស្វាគមន៍ ដូចជាចាប់ដៃ ប្រកៀកប្រកិតគ្នា ឬអោបគ្នាជល់កែវជាមួយគ្នា ហូបគ្រឿងក្លែមជុំគ្នាសុទ្ធតែជាកត្តា ប្រឈមនៃការឆ្លងជំងឺ កូវីដ-១៩ ព្រោះយើងមិនអាចដឹងថានរណាមានផ្ទុកវីរុសនេះទេ។

លើសពីនេះទៀត អង្គការសុខភាពពិភពលោក បានលើកឡើងថា «ការសេពគ្រឿងស្រវឹងនឹង ធ្វើឱ្យចុះខ្សោយប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយសមត្ថភាពទប់ទលនឹងជំងឺឆ្លងជាច្រើន។ បើយើង ក្រលេកមើលស្ថានភាពបច្ចុប្បន្ននេះ ប្រជាពលរដ្ឋភាគច្រើនចាប់ផ្ដើម ប្រមូលផ្ដុំគ្នាផឹកស៊ីច្រៀងសប្បាយជាហូរហែរ ដែលឥរិយាបទទាំងនេះប្រាសចាកទៅ នឹងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលទាំងស្រុង»។

ចំណែកក្រសួងសុខាភិបាល បានបញ្ជាក់ផងដែរថាបញ្ហាកូវីដ-១៩ នៅកម្ពុជាស្ថិតនៅភ្លើងស្ដុបពណ៌លឿងនៅឡើយទេ សុំប្រុងប្រយ័ត្នខ្ពស់មែនទែន ប្រយ័ត្នប៉ះពាល់ជាមួយវីរុសកូវីដ-19 ធ្វើឱ្យសោកាសុខភាពរបស់អ្នក។គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះមិនទាន់មានវ៉ាក់សាំងព្យាបាលជំងឺកូវីដ-១៩ នៅឡើយទេ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ