ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថាដើមឆ្នាំ២០២០ មានសត្វទន្សោង៤ក្បាលបានងាប់ដោយសារ ជាប់អន្ទាក់ និងបាញ់ងាប់ខណៈក្រសួងបន្ដអំពាវនាវទៅដល់ប្រជាពលរដ្ឋ ត្រូវអភិរក្សសត្វព្រៃឲ្យគង់វង្ស។

យោងតាមរបាយការណ៍សិក្សារបាយប្រជាជន សត្វទន្សោងនៅកម្ពុជា មានចន្លោះពី២៧០០ ទៅ៥៧០០ក្បាល។ ចំនួននេះបានធ្វើឲ្យកម្ពុជា ជាកន្លែងដែលមានវត្ត មានសត្វទន្សោង ច្រើនជាង គេនៅលើពិភពលោក ខណៈចំនួនសត្វទន្សោងសរុប នៅលើពិភពលោកត្រូវ បានគេប៉ានស្មានថា មានចន្លោះពី ៥៩០០ ទៅ ១១០០០ ក្បាលតែ ប៉ុណ្ណោះ។ហើយ ថៃ និង ឥណ្ឌូនេស៊ី ក៏មានចំនួនសត្វទន្សោង ប៉ុន្មានរយក្បាល ប៉ុណ្ណោះ។

លោក នេត្រ ភក្ត្រា មានប្រសាសន៍នៅក្នុងគ្រុបតេឡេក្រាម ក្រុមអ្នកសារព័ត៌មាន នៅព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ថា «គិតពីដើមឆ្នាំ ២០២០ មកទល់នឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០ នេះសត្វទន្សោង៤ក្បាលត្រូវបានរកឃើញងាប់១ក្បាលនៅក្នុងខេត្តកំពង់ស្ពឺងាប់ដោយសារជាប់អន្ទាក់ និង២ ក្បាលទៀតត្រូវបានរកឃើញថាបាញ់ងាប់ នៅក្នុងខេត្តមណ្ឌលគិរី និងចុងក្រោយនេះ សត្វទន្សោងមួយក្បាលបានងាប់ ដោយសារតែជាប់អន្ទាក់របស់ព្រានព្រៃ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន»។

លោកបានបង្ហាញការសោកស្តាយដែលបាត់បង់ប្រភេទសត្វកម្រនេះ ដោយសារតែស្នាដៃនៃក្រុមព្រានព្រៃគ្មានក្តីមេត្តា។សត្វទន្សោងជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ហើយកម្ពុជាមានមោទនភាពដែលប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមការពារនិងអភិរក្សសត្វព្រៃ ឱ្យបានគង់វង្សដោយនិយាយថាទេចំពោះការជួញដូរសត្វព្រៃ ការបរិភោគសាច់សត្វព្រៃនិងកុំបរបាញ់និងចាប់សត្វព្រៃ។

លោករំលឹកថា នៅឆ្នាំ ២០១៩ កន្លងទៅមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានរួម នឹងសហគមន៍តំបន់ ការពារធម្មជាតិនិងអង្គការដៃគូ បានដោះអន្ទាក់ បានប្រមាណ ២០ ០០០ អន្ទាក់ពីតំបន់ការពារធម្មជាតិទាំង៦០កន្លែងដែលស្ថិតក្រោមការគ្រប់គ្រង ការពារអភិរក្សរបស់ក្រសួងបរិស្ថាន។ កាលពីចុងខែមេសា ឆ្នាំ ២០២០ សត្វទន្សោងមួយហ្វូងមានចំនួន៧ក្បាលត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ