បិទចរាចរណ៍បណ្តោះអាសន្ន រយៈពេល១៤ថ្ងៃលើកំណាត់ផ្លូវលេខ៥៦៦ ដើម្បីកែលម្អប្រព័ន្ធប្រឡាយលូ
រដ្ឋបាលរាជធានីភ្នំពេញ បិទការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ក្នុងរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវ លេខ៥៦៦ ដោយចាប់ពីផ្លូវលេខ៣១៥ ដល់ផ្លូវលេខ៣១៣។មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះថា ការដ្ឋានដាក់លូប្រអប់ទំហំ២ម៉ែត្របួនជ្រុង នៅលើផ្លូវលេខ ៣១៥ ក្នុងខណ្ឌទួលគោក ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ជំហានទី៤ ក្នុងរាជធានីភ្នំពេញ បានមកដល់ទីតាំងប្រសព្វផ្លូវលេខ៥៦៦ហើយ។
ចំពោះចរាចរណ៍នៅទីតាំងភ្លើងស្តុបប្រសព្វផ្លូវចំនួន៣ខ្សែទៀត នឹងដាក់ឱ្យដំណើរការជាធម្មតា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់ និង អធ្យាស្រ័យ។សូមបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញ ត្រូវបានសាងសង់កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ដែលគម្រោងនេះ មានទឹកប្រាក់សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន៕sp