ភ្នំពេញ៖ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេចរណ៍នៃរដ្ឋសភា ឬហៅថា គណកម្មការទី៧នៃរដ្ឋសភាដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន នៅថ្ងៃទី៩ខែឧសភា ឆ្នាំ២០២០នេះបានសរសេរថា៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេចរណ៍នៃរដ្ឋសភា បានតាមដានដោយយកចិត្តទុក និងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ការគាំទ្រតាមការចាំបាច់ ខណៈដែលក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តគិតគូរ រកដំណោះ ស្រាយដើម្បីឆ្លើយតបទៅនឹងស្ថានភាពអប់រំក្នុងបរិបទកូវីដ១៩ ដែលអាចឈានដល់ការពិចារណាលើលទ្ធភាពនៃការបើកសាលារៀនឡើងវិញត្រឹមកម្រិតណាមួយនាពេលខាងមុខនោះ។

គណៈកម្មការទី៧នៃរដ្ឋសភា បានបញ្ជាក់ថា ទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានភាពធូរស្រាល ប៉ុន្តែជំងឺនេះ នៅតែបន្តរាតត្បាត និងឆ្លងក្នុងសហមគន៍តាមបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ និងពិភពលោក។

គណៈកម្មការទី៧នៃរដ្ឋសភា បានកត់សម្គាល់ចំពោះស្ថានភាពកូវីដ១៩ ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការដាក់ចេញវិធានការនានាជាបន្តបន្ទាប់ស្របតាមស្ថានការណ៍ជាក់ស្តែង។ កន្លងមក គណៈកម្មការតែងបានគាំទ្រជានិច្ច រាល់ចំណាត់ការរបស់ក្រសួង ហើយគណៈកម្មការក៏នឹងបន្តការពិភាក្សា ដើម្បីរួមគ្នារកដំណោះស្រាយអោយកាន់តែប្រសើរ។

គណៈកម្មការទី៧ នៃរដ្ឋសភា សូមកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីអប់រំ ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំ លោកគ្រូ អ្នកគ្រូ រួមទាំងអាណាព្យាបាលទាំងអស់ ដែលបានរួមសហការគ្នាជំរុញឱ្យដំណើរការនៃការផ្តល់ការអប់រំដល់ សិស្សានុសិស្សនៅតែបន្ត ស្របពេលដែលបង្កើនការគិតគូរខ្ពស់លើសុខភាព និងសុវត្ថិភាពរបស់សិស្សានុសិស្សទូទាំងប្រទេស។

ជាមួយគ្នានេះ គណៈកម្មការ សូមលើកទឹកចិត្តឱ្យមាតាបិតា ឬអាណាព្យាបាលរបស់សិស្សានុសិស្ស បន្តជួយជំរុញកូនចៅអោយធ្វើស្វ័យសិក្សានៅផ្ទះ និងសូមសិស្សានុសិស្សទាំងអស់បន្តការសហការជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីរៀនតាមរយៈកម្មវិធីសិក្សាផ្តល់ដោយក្រសួងអប់រំ និងដៃគូរពាក់ព័ន្ធនានា៕ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ