ក្រសួងការងារបន្តបើកវគ្គណ្តុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតនៅរោងចក្រចំនួន២ ក្នុងខេត្តកណ្តាល ដែលរងផលប៉ះពាល់ពីការព្យួរកិច្ចសន្យាការងារ
កម្មករ កម្មការិនីប្រមាណ៣០០នាក់ នៅរោងចក្រ ហ្គោលដិនផ្លាសថេកស្ដាយ & ហ្គាមិន ដែលមានទីតាំងស្ថិតនៅ ភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទទួលបានវគ្គបណ្តុះបណ្តាលចំណេះដឹងជំនាញទន់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។
ការសិក្សានេះមានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា៖ ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចារ ការបំពេញការងារជាក្រុម, មូលដ្ឋានច្បាប់ស្ដីពីការងារ ,នីតិដោះស្រាយវិវាទការងារ ;សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត អត្ថប្រយោជន៍ ប.ស.ស ,សុវត្ថិភាព និងសុខភាពការងារ (OSH)៖ វិធានការបង្ការជំងឺCOVID-19។
ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងបន្តថា ដោយសារជំងឺCOVID-19នេះ បានបណ្តាលរោងចក្រសហគ្រាសប្រមាណ២០០ហើយ ដែលត្រូវបានព្យួរធ្វើឱ្យប៉ះពាល់ដល់កម្មករនិយោជិតប្រមាណ ១៥ម៉ឺននាក់។
ឯកឧត្តមបានបញ្ជាក់ថា ដាក់ចេញនូវវិធានការទូទៅ សម្រាប់ជួយដល់កម្មករនិយោជិត ដែលទទួលរងផលប៉ះពាល់រួមមាន៖ ការលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញផ្ទះតម្លៃ ក្រោម៧ម៉ឺនដុល្លារអាមេរិក ការស្នើឱ្យក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានពន្យារពេលការបង់រំលោះ អគ្គិសនីកម្ពុជា និងរដ្ឋាករទឹក អនុញ្ញាតឱ្យកម្មករនិយោជិតជំពាក់ ការបង់ថ្លៃសេវាប្រើប្រាស់ ក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារ ព្រមទាំងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុធ្វើការបន្ធូរបន្ថយការប្រាក់ និងពន្យារពេលការសងប្រាក់ដើម។ លើសពីនេះ ក៏បានត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងករណីដែលស្ថានភាពសេដ្ឋកិច្ចរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ៕SP