កម្ពុជាត្រូវការមានទូរទស្សន៍ឯកទេសកីឡា១ សម្រាប់ជាមជ្ឈមណ្ឌលផ្សព្វផ្សាយ ស៊ីហ្គេម ២០២៣
ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ទូរទស្សន៍កីឡាកម្ពុជា CSTV (Cambodia Sports Television) ក្រោមការគ្រប់គ្រងរបស់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងត្រូវបើកឲ្យដំណើរការនាពេលខាងមុខ ដោយចក្ខុវិស័យនៃថ្នាក់ដឹកនាំទូរទស្សន៍កីឡាកម្ពុជានេះមានជំហរដ៏សំខាន់ពីរ ទី១គឺដើម្បី រៀប ចំម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កម្ពុជាត្រូវការមាន ទូរទស្សន៍ឯកទេស១ និងទី២គឺជាមជ្ឈមណ្ឌលផ្សព្វផ្សាយកីឡា។
លោកពន្យល់ថា «ក្រោមការដឹកនាំ និងចក្ខុវិស័យរបស់ ឯកឧត្តមបណ្ឌិតថោង ខុន ជាប្រធាន NOCC នៅក្នុងដំណាក់កាលនៃការរៀបចំការប្រកួតស៊ីហ្គមេលើកទី៣២ ឆ្នាំ២០២៣ យើងត្រូវ ការទូរទស្សន៍ឯកទេសមួយ ។ ទូរទស្សន៍ឯកទេសនេះ គឺយើងធ្វើការបណ្តុះបណ្តាល និងការ រៀប ចំទៅក្នុងកម្រិតឯកទេសកីឡា ដែលមានន័យថា ទាំងរបៀបថត ការចាប់មុំថត ឧបករណ៍ ថត ត្រូវមានលក្ខណៈពិសេស សម្រាប់វិស័យកីឡា ដោយធ្វើយ៉ាងណាឲ្យទូរទស្សន៍ នេះជាទូរទស្សន៍ឯកទេស»។
លោកបន្ថែមថា «ហើយទូរទស្សន៍កីឡាកម្ពុជានេះក៏ជាមជ្ឈមណ្ឌលផ្សព្វផ្សាយ (Broadcasting Center) ពីការត្រៀមស៊ីហ្គេម នាពេលបច្ចុប្បន្នរហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ តែម្តង។ នៅចុងឆ្នាំ២០២០ទូរទស្សន៍នេះ នឹងអាចដំណើរការផ្សព្វផ្សាយជាលក្ខណៈអនឡាញជា បណ្តើរៗសិន។ ដូច្នេះការរៀបចំទាំងនេះ គឺផ្តោតសំខាន់លើកម្រិតឯកទេសកីឡាតែម្តង ដោយទទួលបានការបណ្តុះបណ្តាលពីក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ»។
លោកបញ្ជាក់ថា ខាងជំនាញការសាធារណរដ្ឋកូរ៉េ ដែលជាអ្នកជំនាញទូរទស្សន៍កីឡានៅកូរ៉េ នឹងមកជួយកម្ពុជាជាមុនសិន ក្នុងនោះ ក៏មានខ្មែរ៥០%ដែរ ហើយអ្នកជំនាញកូរ៉េ នឹង បណ្តុះបណ្តាលមន្ត្រី បុគ្គលិក អ្នកជំនាញបច្ចេកទេសជូនដល់ខ្មែរ បន្ទាប់មកគឺខ្មែរ បន្តធ្វើការដោយខ្លួនឯង៕ E B