ក្រសួងបរិស្ថាន ស្នើឲ្យមន្រ្តីឧទ្យានុរក្ស ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ
ភ្នំពេញ ៖ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ពិសេសថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋ។
ការលើកឡើងក្នុងពេលដែលរដ្ឋលេខាធិការក្រសួងបរិស្ថាននេះ ក្នុងឱកាស អញ្ជើញចូលរួមពិធីប្រគល់ម៉ូតូចំនួន០៧គ្រឿង នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។ នេះយោងតាមក្រសួងបរិស្ថាន។
លោក សៅ សុភាព បានលើកឡើងថា ការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅតំបន់ជួរភ្នំក្រវាញ និងតំបន់បឹងទន្លេសាប គឺមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ជាជម្រកសត្វព្រៃគ្រប់ប្រភេទ ការបង្កើតប្រព័ន្ធអេកូឡូស៊ី និងជាទីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចាំបាច់ត្រូវធ្វើការការពារនិងអភិរក្ស ក៏ដូចជាការប្រើប្រាស់ឱ្យមាននិរន្តរភាព។
លោក កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្រ្តីថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ទាំងអស់ ពិសេសមន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្ស ចំពោះការខិតខំក្នុងកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាពនៅក្នុងខេត្តកំពង់ឆ្នាំង ដោយឈរលើមូលដ្ឋាននិងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។
លោកបន្ដថា ការប្រគល់សម្ភារមធ្យោបាយធ្វើដំណើរ ម៉ូតូចំនួន០៧គ្រឿង របស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នាថ្ងៃនេះ បង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់មន្រ្តីបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស ក្នុងការបំពេញការងារកន្លងមក និងបន្តធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដែលជាគោលបំណងចម្បងរបស់គម្រោងផងដែរ។
លោកស្រី ប៊ន សុភី អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានគាំទ្រដល់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» និងបានលើកឡើងពីការចូលរួមសកម្មភាពមេត្រីបរិស្ថានកាន់តែប្រសើរថែមទៀត ដើម្បីធានានិរន្តរភាពបរិស្ថាន ធនធានធម្មជាតិ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ៕EB