ភ្នំពេញ​៖ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំឭកដល់ប្រជាពលរដ្ឋថា នៅសល់តែរយៈពេល៤៥ថ្ងៃទៀត ប៉ុណ្ណោះ ក្រសួងនឹងអនុវត្តការផាកពិន័យលើការយឺតយ៉ាវ មិនមកបន្តសុពលភាពតាមការកំណត់នៃសេវា សាធារណ:វិស័យដឹកជញ្ជូនផ្លូវគោក ដែលមានដូចជា៖ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ជាដើម។យោងតាម​ការចេញផ្សាយ​ ក្រសួង​ព័ត៌មាន​។ 

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រញាប់រូតរះទៅបន្តសុពលភាពតាមការកំណត់នៃសេវាសាធារណ:វិស័យដឹកជញ្ជូនផ្លូវគោក ដើម្បីចៀសវាងការផាកពិន័យ។

លោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបញ្ជាក់ថាចំពោះរថយន្តដែលហួសសុពលភាពនៃការចេញវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត ក្នុងរយៈពេលនេះ រហូតល់ដំណាច់ខែមិថុនា ឆ្នាំ២០២០គឺមិនតម្រូវឲ្យមានការផាកពិន័យប្រាក់នោះឡើយ ប៉ុន្តែចាប់ពីងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០តទៅ ក្នុងករណីយានយន្តយឺតយ៉ាវយករថយន្តទៅត្រួតពិនិត្យ លក្ខណៈបច្ចេកទេស នឹងត្រូវធ្វើការពិន័យហើយ។

យោងតាមតារាងតម្លៃឆៀកយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា តម្លៃត្រូវបានកំណត់តាមប្រភេទយានយន្ត ដែលក្នុងនោះ ត្រីចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក តម្លៃ ៧០០០រៀល។ រីឯ រថយន្តទេសចរណ៍ ( រថយន្តគ្រួសារ ) ឬរថយន្តធុន ស្រាល ដែលធ្វើស្លាកលេខថ្មី តម្លៃ ៣៦០០០រៀល។ រថយន្តទេសចរណ៍គ្រួសារ ៤កៅអី ថ្លៃ ៤២០០០រៀល រហូតដល់រថយន្តដឹកទំនិញ ផ្ទុកលើសពី ១០តោន ថ្លៃ៦៦០០០ រៀល។

លោកស្រី ម៉ែន ច័ន្ទសុកុល បានបញ្ជាក់ថា ការឆៀក មាន២ ករណី៖ ១. ការឆៀកធ្លាក់កម្រិតទី១ គឺនៅតែបិទស្ទីកឃ័រឲ្យ តែមិនចេញវិញ្ញាបនប័ត្រឲ្យទេ ហើយ មានចុះហត្ថលេខាទៅជួសជុល ហើយជួសជុលរួចទើបយកវិញ្ញាបនប័ត្របាន។ ២. ការឆៀកធ្លាក់កម្រិតទី២ គឺ មិនបិទស្ទីកឃ័រ និងមិនចេញវិញ្ញាបនបត្រឲ្យទេ។ ទាល់តែទៅជួសជុលហើយត្រឹមត្រូវ ទើបយកមកឆៀកម្តងទៀត។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្ គ្រប់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទាំងអស់ធ្វើការជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលមានបំណងយករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត៕​ E B

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ