ឆាយ វីរៈយុទ្ធ ប្រកាសត្រៀមអង្ករ៦តោនជួយ សិល្បករ-សិល្បការិនី និងប្រជាជនខ្វះខាត ក្នុងកំឡុងជំងឺកូវីដ-១៩ រយ:ពេល៣ខែ
ភ្នំពេញ ៖ ជាការចូលរួមចំណែកចែករំលែកទឹកចិត្តស្រលាញ់ ក្នុងនាម ខ្មែរជួយខ្មែរ ក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃការរាតត្បាតជំងឺកូវីដ-១៩ (COVID-19) តារាចម្រៀង លោក ឆាយ វីរៈ យុទ្ធ និង ភរិយា បានសម្រេចចិត្តទិញអង្ករ៦តោនសម្រាប់បរិច្ចាគ សិល្បៈ ចាស់ជរា សិល្បករ - សិល្បការិនី និង ប្រជាជនដែលខ្វះខាត។ ជាងនេះទៀត លោក ក៏បានប្រកាសថា បើសិល្បករ សិល្បការិនី និងប្រជាពលរដ្ឋណាមានការខ្វះខាត អាចធ្វើការទំនាក់ទំនងមកសមាគមសិល្បករខ្មែរ ចាប់ពីពេលនេះតទៅ ឬតេទៅតាមរយៈ លេខទូរសព្ទ ៖០១៧ ៩៩០ ៣៣២ ។
បើតាមការបញ្ជាក់ឲ្យដឹងពីសំណាក់ លោក ហេង ឡុង ប្រធាន សមាគមមិត្តសិល្បៈ ស្ម័គ្រចិត្តជួយសង្គម បានរៀបរាប់ថានេះជាដំណឹងល្អ សម្រាប់សិល្បៈ ចាស់ជរា និង សិល្បករ សិល្បការិនី និង ប្រជាជនដែលខ្វះខាត ដោយសារបាត់បង់ប្រាក់ចំណូល។ ដោយហេតុថា តារាចម្រៀង ឆាយ វីរៈ យុទ្ធ និង ក្រុមគ្រួសារបានបរិច្ចាគ អង្ករ ចំនួន៦តោន ដើម្បីចែកជូនដល់ពួកគាត់។
លោក បន្តថា តារាចម្រៀង ឆាយ វីរៈ យុទ្ធ និង គ្រួសារជាម្ចាស់អង្ករម៉ាក “ ស្ដេច អង្ករ “ ផលិតដោយរោងម៉ាស៊ីនកិនស្រូវ ហាក់ សែ បានឧបត្ថម្ភ អង្ករ៦តោន រយៈពេល ៣ ខែ ដោយក្នុងនោះ សិល្បករដែលខ្វះខាត ៣តោន និង ប្រជាជនខ្វះខាត៣តោន ខណៈពេលដែលជំងឺកូវីដ១៩ កំពុងតែរាតត្បាតហើយ មិនមានចំណូលគ្រប់គ្រាន់៕