ឯកឧត្តម ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហា កូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា បានអញ្ជើញបើកវគ្គបណ្តុះ បណ្តាលជំនាញទន់ ជូនកម្មករនិយោជិត ព្យួរកិច្ចសន្យាការងារ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅរោងចក្រ ប្រូដឡែន ខេមបូឌាហ្គាមែនអ៊ីនឌិស្រ្ទី មានទីតាំង ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានកម្មករ កម្មការិនីចំនួន ៤២០នាក់ដែលបានចូលរួមវគ្គប ណ្តុះបណ្តាលនេះ។

ឯកឧត្តម ប្រាក់ ចាន់ធឿន មានប្រសាសន៍ថា បច្ចុប្បន្ន ពិភពលោកទាំងមូលរស់នៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺCOVID-19 ហេតុនេះ សូមបងប្អូនកម្មករនិយោជិតទាំងអស់ជ្រាបអំពី បច្ចុប្បន្នភាពនៃជំងឺCOVID-19 ដែលត្រូវបានចាត់ទុកជាបញ្ហាធំមួយធ្វើឱ្យពិភពលោកខ្វល់ខ្វាយជាខ្លាំង ដោយសារវាធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សេដ្ឋកិច្ច សុខុមាលភាពសង្គម វិបត្តិផ្លូវចិត្ត សង្គមជាដើម។ 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីណែនាំបន្ថែមជាបន្តបន្ទាប់ ថែមទាំងបានចាត់ក្រុមការងារឱ្យចុះធ្វើសកម្មភាពផ្សព្វផ្សាយ និងបង្រៀនដល់រដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក រោងចក្រ សហគ្រាស ពីវីធីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺCOVID-19។

ឯកឧត្តម ប្រាក់ ចាន់ធឿន មានប្រសាសន៍បញ្ជាក់ថា ទោះបីជាជំងឺ COVID-19 ឆ្លងតិចនៅកម្ពុជា ហើយបានជាសះស្បើយច្រើនក៏ពិតមែន រាជរដ្ឋាភិបាលក៏នៅតែមានការព្រួយបារម្ភចំពោះរលកនៃការឆ្លងជាថ្មីនៃមេរោគកូវីដ-១៩នេះ ល្គឹកណា គេមិនទាន់រកឃើញវាក់សាំងការ ពារនៅ ឡើយ។ ហេតុនេះ ឯកឧត្តម បានអំពាវនាវដល់បងប្អូនកម្មករ កម្មការិនីក្នុងរោងចក្រនេះ ត្រូវតែប្រុងប្រយ័ត្ន កុំធ្វេសប្រហែស ភ្លេចខ្លួន និងខិតខំចូលរួមអនុវត្តនូវរាល់វិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ព្រោះថាវិធានការរបស់រាជរដ្ឋាភិបាលគឺជាការគិតគូដល់សុខទុក្ខ ការការពារពីការឆ្លងមេរោគCOVID-19 ការពារផលប្រយោជន៍ជាក់ស្ដែងរបស់បងប្អូនម្នាក់ៗពិតប្រាកដ ស្របតាមសភាពការណ៍ជាក់ស្ដែង។

ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់បងប្អូនកម្មករ និយោជិត ដែលធ្វើការនៅរោងចក្រប្រូដឡែននេះ ខិតខំត្រងត្រាប់ស្ដាប់ការបកស្រាយរបស់មន្រ្ដីជំនាញរបស់ក្រសួង ក៏ដូចជាលោកគ្រូអ្នកគ្រូដែលនឹងបង្រៀននាពេលនេះ។ សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹង ជំនាញទន់នេះ ជូនកម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារ គឺដើម្បីបង្កើនចំណេះដឹងជំនាញទន់ផងចៀសវាងការប្រមូលផ្តុំ ដែលនាំឲ្យមានឱកាសច្រើនក្នុងការឆ្លងមេរោគCOVID-19ផង និងព្រមទាំងបានឧបត្ថម្ភថវិកាក្នុងការសិក្សានេះទៀតផង ។

ការសិក្សានេះមានរយៈពេល២ថ្ងៃ ដែលមានមេរៀនដូចជា៖១.ជំនាញនៃការទំនាក់ទំនង និងសិល្បៈនៃការចរចារ ២.ការបំពេញការងារជាក្រុម៣.មូលដ្ឋានច្បាប់ស្ដីពីការងារ៤.នីតិដោះស្រាយវិវាទការងារ៥.សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត៦.អត្ថប្រយោជន៍ ប.ស.ស៧.សុវត្ថិភាព និងសុខភាពការងារ (OSH)៖ វិធានការបង្ការជំងឺCOVID-19៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ