ឯកឧត្តម ហោ សំអាត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣
ស្រុកកំពង់ត្របែក ៖ នាព្រឹកអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហោ សំអាត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំកន្សោមអក និងឃុំប្រាសាទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងផែនការអនុវត្តបន្ដ ក្រោមអតិបតីភាព ឯកឧត្តម ហាស់ សារ៉េត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកំពង់ត្របែក។
កិច្ចប្រជុំនាពេលព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធានក្រុមការងារគណបក្សស្រុក និងជាប្រធាន-អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកកំពង់ត្របែក និងលោក-លោកស្រី ជាប្រធានស្នាក់ការគណបក្សឃុំ សរុបចំនួនប្រមាណជា ១១០រូប ពិធីនេះប្រារព្ធធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្របែក។
នាឱកាសនោះ ឯកឧត្តម ហាស់ សារ៉េត បានធ្វើការណែនាំក្រុមការងារទាំង ១៣ឃុំ នៃស្រុកកំពង់ត្របែក បន្ដចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះនីមួយៗ ដើម្បីពិនិត្យស្ថានភាពផ្ទាល់អំពីជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានរំលឹកដល់ប្រជាជនទាំងអស់ ពិសេសចាស់ជរាគ្មានទីពឹង ជនពិការភាព សូមឱ្យពួកគាត់ថែទាំសុខភាពជាប់ជាប្រចាំ។
ចំពោះយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី១-២១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឯកឧត្តម ប្រធាន បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវតែគោរពតាមនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នូវក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីឱ្យការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព ជាដើម។
លើសពីនេះ ឯកឧត្តម ហាស់ សារ៉េត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែសម្របសម្រួលដល់គ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត នាពេលខាងមុខ។
ឆ្លៀតឱកាសនោះដែរ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំនីមួយៗ បានគាំទ្រចំពោះប្រសាសន៍ណែនាំ និងផែនការរបស់ ឯកឧត្តម ហាស់ សារ៉េត ទាក់ទងទៅនឹងដំណើរការរៀបចំ សម្រាប់ការឃោសនាបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យប្រព្រឹត្តទៅដោយរលូន ហើយទទួលបានជោគជ័យក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ផងដែរ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ