ក្រោយបញ្ចប់ កូវីដ-១៩ ! រាជរដ្ឋាភិបាលកម្ពុជា ត្រៀមរួចជាស្រេច សម្រាប់ជួយសហគ្រាស ធុនតូច និងមធ្យម
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ចេញនូវគោលនយោបាយ សម្រាប់ជួយដល់សហគ្រាសធុនតូច និងមធ្យម (SME) ក្រោយបញ្ចប់បញ្ហា កូវីដ-១៩ នៅកម្ពុជា ។ នេះបើតាមការបញ្ជាក់ពី លោក ឈា ឡាហ៊ី ប្រធាននាយកដ្ឋាន សហគ្រាសធុនតូច និងមធ្យម នៃក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកាចំនួន១០០លានដុល្លារ ដើម្បីដាក់ឲ្យ សហគ្រាសធុនតូច និងមធ្យម ខ្ចី ក្នុងអត្រាការប្រាក់ទាប ដើម្បីយកទៅប្រើប្រាស់ ក្នុងការ ប្រកបអាជីវកម្មនានា ទៅតាមតម្រូវការ ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «គម្រោងហិរញ្ញប្បទាន ទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម និងបញ្ហាប្រឈមរបស់ធនាគារ សហគ្រាសធុនតូច និងមធ្យម» នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ លោក ឈា ឡាហ៊ី បានឲ្យដឹងថា តើមានសហគ្រាសចំនួនប៉ុន្មាន ដែលរងផល ប៉ះពាល់ ក្នុងអំឡុងពេលដែលកម្ពុជា មានការរីករាលដាលពីជំងឺ កូវីដ-១៩ នៅឡើយទេ។
លោក មានប្រសាសន៍ថា «ខ្ញុំគិតថា មិនយូរទេតាមដែលខ្ញុំដឹង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក កំពុងតែពិចារណា ហើយនឹងដាក់ចេញនូវគោលនយោបាយ គាំទ្រមួយចំនួនទៀត ទៅដល់សហគ្រិន ប៉ុន្តែ រង់ចាំចេញជាផ្លូវការសិនចាំយើងនិយាយបាន គ្រាន់ថាជា ដំណាក់កាលៗ គឺយើងបានដាក់ចេញមកហើយ ហើយក្នុងកាលៈទេសៈនេះ ។ក្រសួងធ្វើការ ជាមួយវិស័យឯកជន ធ្វើការជាមួយដៃគូអភិវឌ្ឍ ដើម្បីចងក្រងចេញជា រីខមមិនសេសិន ដើម្បីត្រៀមហើយស្រេចពេលកូវីដនេះ ចប់ទៅថាតើយើងនឹងជួយវិស័យ SMEយើងដោយរបៀបណា»។
លោកបន្ដថា ក្រសួងបាននិងកំពុងបង្កើតក្រុមការងារ ដើម្បីធ្វើការចុះពិនិត្យនិងតាមដាន រកមើលសហគ្រាសណា ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដើម្បីកំណត់មុខសញ្ញា ត្រូវតែជួយជាបន្ទាន់ផងដែរ។លោកថា កាលពីដើម ខែមិនា ឆ្នាំ២០២០ ទោះបីជាជំងី កូវីដ-១៩ បានរាតត្បាតខ្លាំងយ៉ាងណាក៏ដោយ តែអាជីវកម្មលក់ដូរមួយចំនួនផ្នែកចំណីអាហារ មានការលក់ដាច់ខ្លាំង៕ E B