កូវីដ-១៩ ! សមយុទ្ធបាញ់គ្រាប់ពិត ហនុមានមាស ឆ្នាំ២០២០ ត្រូវបានលើកពេល
ភ្នំពេញ ៖ អ្នកនាំពាក្យ បញ្ជាការដ្ឋានកងទ័ពជើងគោក ឧត្តមសេនីយ៍ទោ មាស ផល្លា បានថ្លែង ថា សមយុទ្ធបាញ់គ្រាប់ពិត «ហនុមានមាស ឆ្នាំ២០២០» ត្រូវបានខកខានដោយសារករណី មេរោគ កូវីដ–១៩ និងចូលរួមទប់ស្កាត់ការរីករាលដាល ជំងឺនេះ ជាមួយរាជរដ្ឋាភិបាល ដែលបានហាមប្រាម មិនឲ្យមានការជួបជុំគ្នា។
សូជម្រាបថា សមយុទ្ធហនុមានមាស ២០២០ មានគម្រោងធ្វើ កាលពីចុងខែមេសា ឆ្នាំ២០២០កន្លងទៅ នៅទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងវែង ស្រុកជុំគិរី ខេត្តកំពត ដែលមានគម្រោងប្រើប្រាស់សព្វាវុធធន់ ធ្ងន់ និងស្រាលជាច្រើនដូចឆ្នាំកន្លងទៅយ៉ាងដូច្នេះដែរ ប៉ុន្តែត្រូវបានអាក់ខានវិញ ដោយសារតែបញ្ហាមេរោគ កូវីដ-១៩។
ឧត្តមសេនីយ៍ទោ មាស ផល្លា បានប្រាប់ទូរស្សន៍ក្នុងស្រុកមួយ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ថា « ពេលនេះមិនទាន់ទទួលបានគម្រោងណាមួយថា នឹងត្រូវធ្វើ ឬ មិនត្រូវធ្វើនោះទេ ទាក់ទងនឹងសមយុទ្ធបាញ់គ្រាប់ពិត«ហនុមានមាសឆ្នាំ២០២០»នេះ ប៉ុន្តែខ្ញុំអាចសន្និដ្ឋានថា ៧០ភាគរយប្រហែលជាមិនធ្វើ ដោយសារតែមកពីបញ្ហាមេរោគកូវីដ១៩នេះ»។
ឧត្តមសេនីយ៍ទោ បញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានគោលការណ៍ណា មួយដែលនឹងត្រូវធ្វើសមយុទ្ធ ហនុមានមាសឆ្នាំ២០២០ នេះឡើយ ខណៈគម្រោងដែលត្រូវធ្វើកាលពីអំឡុងខែ មេសា កន្លងទៅ ត្រូវបានលុបចោល ដោយសារតែបញ្ហាមេរោគ កូវីដ-១៩៕