ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានថ្លែងថា សកម្មភាព របស់សមាគមមូលនិធិសម្ដេចតេជោ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឱ្យប្រតិភូសមាគម ដែលដឹកនាំដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្តេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ថា «សកម្មភាពរបស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺពិតជាមានសារសំខាន់ណាស់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា»។ 

ទន្ទឹមនេះដែរ លោកឧកញ៉ា តែ តាំងប៉ ក៏បានគោរពរាយការណ៍ជូនសម្តេចក្រឡាហោម ជ្រាបថា បច្ចុប្បន្ន សមាគម បានបើកសាខាសហគ្រាសតូច និងមធ្យម បានចំនួន ២៥រាជធានី ខេត្ត ដោយក្នុងនោះសមាគមបានចង់ក្រងជាក្រុម ដើម្បីគាំទ្រក្នុងការជួយគ្នាទៅវិញទៅមក។

ទន្ទឹមនេះដែរ សម្តេចក្រឡាហោម ក៏បានណែនាំថា ដោយសារសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនេះ ទទួលរៀបចំកាត់ឯកសណ្ឋាន និងសម្លៀកបំពាក់សម្រាប់ឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុជា សម្តេចក្រឡាហោម ក៏បានណែនាំដល់សមាគម ឱ្យធ្វើការរៀបកាត់ និងបំពាក់ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ ដើម្បីឱ្យមានការស្លៀកពាក់ឯកសណ្ឋានមានការឯកភាពគ្នាស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះទៀត សម្តេចក្រឡាហោម បានជំរុញឱ្យសមាគមបន្តពង្រីកបណ្តាញ ក៏ដូចជាការងារបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់បណ្តាសហគ្រាសជាសមាជិក ដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនបន្ថែមទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ