ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិរណ៌កោះពេជ្រ។
តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ បានខិតខំតស៊ូយ៉ាងប្ដូរផ្តាច់ និងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់នូវផែនការយុទ្ធសាស្ត្រស្តីពី ការត្រួតពិនិត្យគ្រឿងញៀន គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ស្ដីពីការពង្រឹង វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ផែនការភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន និងគោលការណ៍ណែនាំស្តីពី ការពង្រឹងប្រសិទ្ធភាពការងារព្យាបាលនិងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
ជាមួយនោះផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ដែលដឹកនាំបញ្ហាផ្ទាល់ដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈផងដែរ។ ជាក់ស្ដែង ក្នុងឆ្នាំ២០២២កន្លងទៅ បទល្មើសគ្រឿងញៀនបង្ក្រាបបានមានចំនួន ៦ ៣៩០ករណី គឺមានការកើនឡើង ប្រមាណ១,៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដែលក្នុងនោះគ្រឿងញៀនគ្រប់ប្រភេទជិត ១៥តោន កើន ប្រមាណជាង ៣ដង និងសារធាតុគីមីផ្សំជាង ៥០៤តោន កើនប្រមាណ ៤៩៤,១៨% ត្រូវបានរឹបអូសបាន និង ធ្វើការដុតបំផ្លាញចោលនៅក្នុងថ្ងៃប្រារព្ធទិវាអន្តរជាតិនេះនៅរាជធានីភ្នំពេញ និងនៅតាមខេត្តគោលដៅមួយចំនួន ហើយជនសង្ស័យចំនួន ១៥ ០០២នាក់ ត្រូវបានឃាត់ខ្លួន ដែលក្នុងនោះមួយចំនួនត្រូវបានបញ្ជូនទៅតុលាការ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ