សមត្ថកិច្ច បង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ និងថ្នាំញៀនជិត ៨គីឡូក្រាម
ភ្នំពេញ ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ជាមួយថ្នាំញៀនជិត៨គីឡូក្រាម។
មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នាថ្ងៃទី២៤ មិថុនា កម្លាំងជំនាញ បានដំណើរការស្រាវជ្រាវបង្ក្រាបបទល្មើស ២គោលដៅផ្សេងគ្នាឈានដល់ឃាត់ខ្លួនជនសង្ស័យ និងរឹបអូសបានថ្នាំញៀន។
សម្រាប់គោលដៅទី១ ក្នុងបុរីមួយកន្លែង ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ នៅបុរីមួយកន្លែងទៀត ស្ថិតភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការបង្ក្រាបទាំង ២ទីតាំងនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាង មេតំហ្វេតាមីន ៧៩០.៩៣ក្រាម, MDMA ៣២១៥.០៥ក្រាម និងហេរ៉ូអីន ៣៦៤០ក្រាម សរុបគ្រឿងញៀនទាំងអស់ ទម្ងន់ ៧គីឡូក្រាម និង៦៤៥ក្រាម។ ចំពោះជនសង្ស័យដែលឃាត់ខ្លួនបាន មានជនជាតិវៀតណាមប្រុសស្រី២នាក់ ឈ្មោះ ង្វៀង ទៀងមិញ និងង្វៀង វ៉ាន់ណឹង។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី។
សូមជម្រាបថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រោយពេលឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចូលមកដឹកនាំការងារ គឺបង្ក្រាបបានបទល្មើសគ្រឿងញៀនធំៗ ជាច្រើនករណីជាបន្តបន្ទាប់ជាប់ៗគ្នា។ ជាមួយគ្នានេះនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនរូបនេះ បានប្តេជ្ញាចិត្តខ្ពស់ ក្នុងបង្ក្រាបបទល្មើសគ្រឿងដូចភ្លៀងរលឹម នៅទូទាំងប្រទេស ឱ្យដល់ឫសគល់៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ