ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកោតសរសើរចំពោះអតីតនាយករដ្ឋមន្ដ្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា មិនដែរអំពាវនាវឱ្យបរទេសដាក់ទណ្ឌកម្មដល់ប្រទេសថៃ មិនដូចអ្នកប្រឆាំងនៅកម្ពុជាវិញ តែងតែអំពាវនាវដល់បណ្ដាប្រទេសនានា កាត់ជំនួយ ឬដាក់ទណ្ឌកម្ម មកកម្ពុជា។

នាឱកាសអញ្ជើញសំណេះសំណាលជាមួយ កម្មករ និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅប្រទេសថៃអ្នកនយោបាយគេប្រឆាំងគ្នា ក៏ប៉ុន្ដែពួកគេមិនដែរសម្លាប់ជនជាតិរបស់ខ្លួនឡើយ តាមរយៈការអំពាវនាវកុំឱ្យបរទេសមកវិនិយោគ ឬឈប់ទិញទំនិញនោះទេ។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំ សូមសរសើរអតីតនាយករដ្ឋមន្ដ្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា-យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ដ្រីថៃ ទាំងបង ទាំងប្អូន ទោះបីគេទម្លាក់ដោយរដ្ឋប្រហារ ហើយរស់នៅបរទេស ដែលមិនចូលក្នុងស្រុកបាន ប៉ុន្ដែអ្នកទាំងពីរ មិនមែនអំពាវនាវបរទេសកាត់ជំនួយ ឬឈប់ទិញទំនិញថៃ ឬឈប់វិនិយោគក្នុងប្រទេសថៃ»។

សម្តេចតេជោ បានបញ្ជាក់ថា វាជារឿងអយុត្តិធម៌ពន់ពេកណាស់ចំពោះគ្រួសារ ថាក់ស៊ី និងយីងឡាក់ ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងនាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ គ្មានបរទេសណា ឬក្រុមប្រឆាំងណាមួយចេញមុខផ្កោលទោស ឬប្រឆាំងសកម្មភាពរដ្ឋប្រហារនោះឡើយ។

ជុំវិញបញ្ហាទាំងនេះ សម្ដេច នាយករដ្ឋមន្ដ្រី លើកឡើងថា ប៉ុន្ដែអ្នកជ្រុលនិយមនៅកម្ពុជាវិញ ទៅដល់ទីណាទាមទារឱ្យបរទេសឈប់ទិញទំនិញនៅកម្ពុជា ឬដាក់ទណ្ឌកម្មនានាមកលើប្រទេសកម្ពុជា ខណៈ សម្ដេច បានឱ្យដឹងថា រងចាំមើលជោគវាសនារបស់ពួកអ្នកឯងទៅ ក្រោយអំពាវនាវឱ្យបរទេសកាត់ជំនួយលើកម្ពុជា។

សម្ដេច គូសបញ្ជាក់ទៀតថា «ប៉ុន្ដែមិននឹកស្មានថា អ្នកជ្រុលនិយមក្នុងប្រទេសកម្ពុជា ទៅអំពាវនាវឱ្យបរទេសដាក់ទណ្ឌកម្មលើខ្មែរ ឈប់ទិញទំនិញខ្មែរ មិនមកវិនិយោគនៅខ្មែរ ក៏ប៉ុន្ដែពួកអ្នកឯងរងចាំមើលជោគវាសនារបស់ពួកអ្នកឯងទៅ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ