(ថៃ)៖ នៅថ្ងៃអង្គារនេះ គណៈរដ្ឋមន្ត្រីថៃ សម្រេចឱ្យកសិករថៃផ្អាកសងបំណុលធនាគាររយៈពេល ៣ឆ្នាំ ដោយរដ្ឋនឹងខាតបង់ប្រាក់ជិត៤០០លានដុល្លារ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន បាងកកប៉ុស្តិ៍នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣។
លោក Julapun Amornvivat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តផែនការព្យួរការសងបំណុលរបស់កសិករ ។លោកបន្តថា ការផ្អាកដែលនឹងមានរយៈពេល ៣ ឆ្នាំ ហើយនឹងធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ ជិត៤០០លានដុល្លារអាមេរិក។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បន្ថែមថា ការឲ្យកសិករថៃផ្អាកសងបំណុលធនាគារនឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៣ ដោយលោកបានបន្ថែមថា កសិករនឹងត្រូវបានអនុញ្ញាតឲ្យខ្ចីមកវិញផងដែរ ។
គួររំលឹកថា នេះជាគោលនយោបាយថ្មី របស់នាយករដ្ឋមន្ត្រីថៃ ដោយចាប់តាំងពីឡើងកាន់តំណែង នាយករដ្ឋមន្ត្រីថៃ បានដាក់ចេញនៅគោលនយោបាយជាច្រើន រួមទាំងវិស័យទេសចរណ៍៕